រាជធានីភ្នំពេញ ៖ ដើម្បីរក្សា និងធានាសន្តិសុខស្បៀងរបស់ប្រជាជនកម្ពុជា ជាពិសេសទៅលើធនធានជលផល សហភាពអឺរ៉ុប(EU) ប្រចាំកម្ពុជា គ្រោងនឹងផ្ដល់ហិរញ្ញប្បទានប្រមាណ៨៧លានអឺរ៉ូ ឬស្មើប្រមាណជិត១០០លានដុល្លារអាមេរិក សម្រាប់កម្មវិធីគ្រប់គ្រងធនធានជលផលវារីវប្បកម្ម បន្ទាប់ពីថវិកាជាង៣០លានអឺរ៉ូ ដែលផ្ដល់ជូនកម្ពុជា កាលពីពេលកន្លងទៅ ត្រូវបានកម្ពុជាយកមកប្រើដោយមានប្រសិទ្ធភាព និងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។
យោងតាមគេហទំព័ររបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា បានឲ្យដឹងថា ដោយមើលឃើញពីភាពសំខាន់នេះវិស័យវារីវប្បកម្មនៅក្នុងប្រទេសកម្ពុជា សហភាពអឺរ៉ុបបានអនុម័តកម្មវិធីការគ្រប់គ្រងធនធានជលផល ដែលមានទឹកប្រាក់ប្រមាណ៨៧លានអឺរ៉ូដល់កម្ពុជា ដើម្បីគាំទ្រកម្ពុជាក្នុងការគ្រប់គ្រងធនធាននេះ ឲ្យមានប្រសិទ្ធភាព បន្ទាប់ពីគម្រោងនេះ មានទឹកប្រាក់៣០លានអឺរ៉ូ បានបញ្ចប់ដោយជោគជ័យ ។
ប្រភពដដែលបញ្ជាក់ថា ៖« គម្រោងដែលនឹងទទួលបានហិរញ្ញប្បទានពីសហភាពអឺរ៉ុបនៅពេលខាងមុខជិត១០០លានដុល្លារអាមេរិកនេះ នឹងត្រូវប្រើប្រាស់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៩ដល់ ឆ្នាំ២០២៣ ហើយគម្រោងនេះក៏គ្រោងនឹងចុះហត្ថលេខារវាងភាគីទាំងពីរនៅពេលដ៏ខ្លីខាងមុខ » ។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍តាមទូរសព្ទ័ថា ទឹកប្រាក់ដែលនឹងទទួលបាននេះគឺជាជំនួយឥតសំណងរបស់សហភាពអឺរ៉ុប ក្នុងការជួយដល់វិស័យជលផល ទូទាំងប្រទេសកម្ពុជា ។ លោកបន្ដថា ៖« គម្រោងនេះ អាចនឹងចាប់ផ្ដល់នៅពាក់កណ្ដាលឆ្នាំ២០១៩ខាងមុខដោយសារតែទឹកប្រាក់មិនទាន់ធ្លាក់មក ដូចនេះវាអាចពន្យារពេលប្រមាណកន្លះឆ្នាំទៀត » ។ លោកបន្តថា ហិរញ្ញប្បទាននេះដែរ នឹងត្រូវបែងចែកទៅតាមសហគមន៍នានា ទូទាំងប្រទេស ដើម្បីអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីវិស័យជលនៅកម្ពុជា ហើយត្រូវធានាឲ្យបាននូវកំណើនជលផលទាំងទឹកសាប និងទឹកប្រៃ ។ លោកបញ្ជាក់ថា សម្រាប់តំបន់ណា ខេត្តណាដែលទទួលបានផលប្រយោជន៍ច្រើន ពីហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប មិនទាន់ដឹងច្បាស់នៅឡើយទេ ពេលនេះក្រុមការងារកំពុងរៀបចំធ្វើកិច្ចការនេះ តែយ៉ាងណាក៏ដោយក្រសួងនឹងបែងចែកឲ្យមានតម្លាភាពបំផុតដើម្បីប្រយោជន៍ដល់វិស័យជលផលនៅទូទាំងប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា យោងលើសេចក្តីជូនដំណឹងស្តីពីរដូវធ្វើប្រហុក ផ្អក របស់រដ្ឋបាលជលផល កាលពីសប្ដាហ៍មុននេះ បានឲ្យដឹងថា ឆ្នាំនេះកម្ពស់ទឹកទន្លេសាបស្រកចុះលឿនជាងឆ្នាំកន្លងមក ជាហេតុធ្វើឲ្យដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានក្នុងខែមិគសិរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ខែធ្នូ ។
ដោយឡែក សម្រាប់សម្រាប់ការចិញ្ចឹមត្រីឆ្ដោវិញ ក៏មានកំណើនគួរឲ្យកត់សម្គាល់ដែរ ចាប់តាំងពីរាជរដ្ឋាភិបាលបានសម្រេចឲ្យមានការចិញ្ចឹមត្រីនេះឡើងវិញ សម្រាប់ទប់ទប់នឹងការនាំចូលពីក្រៅប្រទេស ។ ជាការកត់សម្គាល់ ការចិញ្ចឹមត្រីឆ្តោបានកើនឡើងដល់ជាង៦០ពាន់តោនក្នុងឆ្នាំ២០១៨នេះ។ បរិមាណនេះបានចូលរួមចំណែកកាត់បន្ថយការនាំចូលពីប្រទេសជិតខាង កាត់បន្ថយការចាប់ត្រីពីប្រភពធម្មជាតិ លើកកម្ពស់ផលិតភាពវារីវប្បកម្ម និងបង្កើនប្រាក់ចំណូល ៕
ចែករំលែកព័តមាននេះ