រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានឲ្យដឹងថា អង្គការសហប្រជាជាតិUNបានសន្យានឹងវិភាជន៍ថវិកាប្រមាណ៥៧៧,៦លានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍវិស័យសាធារណៈនៅកម្ពុជា រយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC ដែលបានបានឲ្យដឹងកាលពីថ្ងៃទី១២ ធ្នូ កន្លងមក ថា អង្គការសហប្រជាជាតិ(UN)តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍នានារបស់ខ្លួន នឹងផ្តល់ថវិកាដល់កម្ពុជាប្រមាណ៥៧៧,៦លានដុល្លារអាមេរិក ដែលថវិកានោះនឹងមានប្រមាណ១១៥លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ហើយជំនួយនេះនឹងប្រើប្រាស់សម្រាប់វិនិយោគលើការអភិវឌ្ឍវិស័យសាធារណៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ។
នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍនៃប្រព័ន្ធអង្គការសហប្រជាជាតិ នៅទីស្តីការCDC នាថ្ងៃដដែល ក្រោមការដឹកនាំរបស់លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ជំនួយហិរញ្ញប្បទានរបស់UN នឹងត្រូវផ្តល់មកកម្ពុជា បន្ទាប់ពីកម្ពុជា ដាក់ឯកសារក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការអភិវឌ្ឍន៍ជូនអង្គការសហប្រជាជាតិនៅចុងខែមករា ឆ្នាំ២០១៩ ខាងមុខ ។
លោកបន្តថា ជំនួយUNដែលនឹងផ្តល់មកកម្ពុជានេះ នឹងធ្វើការអភិវឌ្ឍន៍វិស័យអាទិភាពចំនួន៥ រួមមាន ៖
១-ការអភិវឌ្ឍវិស័យសង្គម សេដ្ឋកិច្ចតាមរយៈការពង្រីកសេវាសាធារណៈ ។
២- ការពង្រីកឱកាសការងារ និងអភិវឌ្ឍន៍បច្ចេកវិទ្យា ។
៣- កិច្ចការពារអភិវឌ្ឍន៍បរិស្ថាន និងតុល្យភាពអេកូឡូស៊ី ។
៤- ការពង្រឹងប្រព័ន្ធតម្លាភាព និងគណនេយ្យភាពសម្រាប់វិស័យយុត្តិធម៌ និងអភិបាលកិច្ច ។
៥- ការគ្រប់គ្រងនគរូបណីយកម្ម ។
លោកបន្ដថា គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១៨នេះ ទីភ្នាក់ងារអភិវឌ្ឍន៍នានាក្រោមឆត្រអង្គការសហប្រជាជាតិ បានផ្តល់ហិរញ្ញប្បទានមកកម្ពុជា មានប្រមាណជាង ១.២០០លានដុល្លាអាមេរិក ស្មើនឹង៦,៥ភាគរយនៃទំហំហិរញ្ញប្បទានសរុប ដែលUNផ្តល់បណ្តាប្រទេសដៃគូអភិវឌ្ឍទាំងអស់ ។
ដោយឡែកនៅក្នុងឆ្នាំ២០១៨នេះ UN បានផ្តល់ហិរញ្ញប្បទានឥតសំណងមកកម្ពុជាមានប្រមាណ៥៧លានដុល្លាអាមេរិក ថយចុះបន្តិចបើធៀបនឹងឆ្នាំ២០១៧កន្លងទៅ ៕
ចែករំលែកព័តមាននេះ