ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកង់មួយគ្រឿង និងកង្ហារ២គ្រឿង ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៥នាទីទៀបភ្លឺថ្ងៃទី១៣ ខែធ្នូ ២០១៨ ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ កាំង ស្រៀង ភេទស្រី អាយុ៧០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ យ៉ាត លី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន កង់១គ្រឿងពណ៌ក្រហមដោះរុះរើ និងកង្ហារស្លាបពណ៌សចំនួន២គ្រឿង ដោះស្លាបចេញអស់មួយ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានចូលលួចយកកង់មួយគ្រឿង និងកង្ហារចំនួន២គ្រឿង នៅផ្ទះជនរងគ្រោះ រួចយកទៅទុកនៅក្បែរផ្ទះរបស់ខ្លួនបន្ទាប់ មកក៏ធ្វើការដោះរុះរើ ។
លុះដល់វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ក្រោយពីទទួលបានពាក្យបណ្តឹងរួច កម្លាំងនគរបាលប៉ុស្តិ៍ឈើទាលបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងនាំមកប៉ុស្តិ៍ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលលួចកង់មួយគ្រឿងនិងកង្ហារ២គ្រឿងប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើកច្រើនសារមកហើយ ។ ក្រោយពីសួរនាំរួច ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀន ស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ