រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារសម្រេចប្រមូលចំណូលពន្ធបានជាង២.០៥៥លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំនេះ កើនឡើង១៣២លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្មើនឹងជាង១០៦%នៃផែនការកំណត់ដោយច្បាប់។ នេះបើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ កាលពីថ្ងៃទី១១ ធ្នូ កន្លងមក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានថ្លែងថា លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់តែខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលOnline ត្រូវប្រមាណ១៨៧លានដុល្លារអាមេរិក) ស្មើនឹង៩,៧៥%នៃផែនការច្បាប់ បើធៀបនឹងចំណូលខែវិច្ឆិកាឆ្នាំមុន កើនឡើងប្រមាណជាង៤៣លានដុល្លារអាមេរិក ស្មើនឹង៣០,៤៧% ។
លោកបន្ដថា ៖« បើគិតក្នុងរយៈពេល១១ខែឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលប្រមូលបានសរុបប្រមាណ២.០៥៥,៧១លានដុល្លារអាមេរិកស្មើនឹង១០៦,៨៨%នៃផែនការកំណត់ដោយច្បាប់ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ កើនឡើង១២,៤៨% »។ លោកបន្ថែមថា សម្រាប់ឆ្នាំ២០១៨នេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យបានលើសផែនការជាអតិបរិមា អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយកែទម្រង់ស៊ីរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចជា ការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត សម្រាប់ឆ្នាំចុងក្រោយនេះ នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៤-២០១៨ ការសហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ ដើម្បីរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ ក៏ដូចជាគោលនយោបាយសារពើពន្ធនានា សម្រាប់អនុវត្តនាពេលខាងមុខនេះ ការបន្តរៀបចំកែសម្រួលតម្លៃអចលនទ្រព្យ ដែលជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ ការរៀបចំកែសម្រួលយន្តការនៃការបង្វិលសងអាករលើតម្លៃបន្ថែម សម្រាប់ស្ថានទូត សហគ្រាសអាជីវកម្ម និងការគិតគូរដល់ការស្នើសុំបង្វិលសងរបស់ភ្ញៀវទេសចរ និងបន្តកែទម្រង់ធនធានមនុស្ស ។
លោក គង់ វិបុល បានបន្តថា ៖« អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់សំខាន់ៗ ការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ការលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារ និងការជំរុញសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ ត្រូវពង្រឹងបន្ថែមលើការតាមដានការដាក់លិខិតប្រកាសរបស់អ្នកជាប់ពន្ធ »។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា អគ្គនាយកដ្ឋានពន្ធដាបានធ្វើកំណែទម្រង់របស់ខ្លួនយ៉ាងល្អប្រសើរ ធៀបនឹងប៉ុន្មានឆ្នាំកន្លងមក ប៉ុន្តែស្ថាប័ននេះនៅតែត្រូវការកំណែទម្រង់ច្រើនជាងមុនបន្ថែមទៀត ដើម្បីអាចប្រមូលចំណូលបានកាន់តែច្រើន ។ លោកបន្តថា ៖« ការងារប្រមូលពន្ធទាមទារនូវឆន្ទៈ និងកណ្តាប់ដៃដែក ទើបការប្រមូលចំណូលបានច្រើន »៕
ចែករំលែកព័តមាននេះ