ទីក្រុងវ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃអង្គារមកថា ប្រទេសចិនបានទិញសណ្តែកសៀងជាច្រើនពីសហរដ្ឋអាមេរិក ខណៈដែលការចរចាពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ត្រូវបានកើតមានឡើងតាមរយៈទូរស័ព្ទ ។
លោកប្រធានាធិបតីត្រាំ បានប្រាប់ដល់សារព័ត៌មានក្នុងបទសម្ភាសន៍មួយថា រដ្ឋាភិបាលចិនបានចូលមកក្នុងទីផ្សារទិញសណ្តែកសៀងវិញហើយ បន្ទាប់ពីមានការផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅថ្ងៃទី១ខែធ្នូកន្លងមកនេះ ។
យ៉ាងណាក្តី ពាណិជ្ជករនៅរដ្ឋ Chicago បាននិយាយថា ពួកគេមិនទទួលបានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីការទិញនេះឡើយ តាំងពីពេលដែលប្រទេសចិនដាក់ពន្ធ២៥%លើសណ្តែកសៀងនាំចូលពីអាមេរិកនៅខែកក្កដាមក ។
លោកត្រាំបាននិយាយក្នុងបទសម្ភាសន៍ថា ៖« ខ្ញុំទើបតែលឺនៅថ្ងៃនេះថាពួកគេនឹងទិញសណ្តែកសៀងជាច្រើន ។ ពួកគេកំពុងតែចាប់ផ្តើមហើយ គឺចាប់ផ្តើមនាពេលបច្ចុបប្បន្ននេះ»។ លោកត្រាំក៏និយាយថា លោកគិតថាប្រទេសចិននឹងកាត់បន្ថយពន្ធលើយានយន្តអាមេរិកក្នុងពេលឆាប់ៗនេះពី៤០%មកស្មើ១៥%ផងដែរ ។
មន្ត្រីមួយរូបមកពីរដ្ឋាភិបាលលោកត្រាំបានប្រាប់ដល់សារព័ត៌មានថា ផែនការរបស់ប្រទេសចិនក្នុងការកាត់បន្ថយពន្ធយានយន្តត្រូវបានលើកឡើងក្នុងអំឡុងពេលនិយាយទូរស័ព្ទរវាងលោកឧបនាយករដ្ឋមន្ត្រី Liu He របស់ប្រទេសចិន និងអ្នកតំណាងពាណិជ្ជកម្មអាមេរិកគឺលោក Robert Lightizer និងរដ្ឋមន្ត្រីក្រសួងរតនាគារ Steven Mnuchin ។
ជាធម្មតា កសិករអាមេរិកអាចនាំចេញសណ្តែកសៀងប្រមាណ១០០ទូរថភ្លើងទៅកាន់កំពង់ផែអាមេរិកដើម្បីនាំចេញទៅកាន់ប្រទេសចិន ប៉ុន្តែឆ្នាំនេះបែរជាផ្ទុយគ្នាទាំងស្រុងវិញ ព្រោះតែប្រទេស ចិនបញ្ឈប់ការទិញសណ្តែកសៀងអាមេរិក បន្ទាប់ពីលោកប្រធានាធិបតីដូណាល់ ត្រាំ ដាក់ពន្ធលើផលិតផលចិន ។
គួរបញ្ជាក់ដែរថា កសិករអាមេរិកប្រមូលទិន្នផលបាន៤,៦ប៊ីលានកញ្ឆេនៅឆ្នាំនេះ ប៉ុន្តែ USDA បានឲ្យដឹងថា ការនាំចេញទៅកាន់ប្រទេសចិនបានធ្លាក់ចុះអស់៩៤%ទៅហើយ បើធៀបនឹងឆ្នាំមុន ព្រោះក្រុមហ៊ុនចិនត្រូវបានបញ្ជាឲ្យឈប់ទិញសណ្តែកសៀងអាមេរិក និងស្វែងរកអ្នកផ្គត់ផ្គង់ដទៃ ។
អង្គការកសិកម្មសណ្តែកសៀងអាមេរិកបានងាកទៅកាន់ទីផ្សារដទៃដែរដូចជា អេហ្ស៊ីប អាហ្សង់ទីន និងអុីរ៉ង់ជាដើម និងបានបង្កើនការលក់ទៅកាន់សហភាពអឺរ៉ុប និងម៉ិកស៊ិក ប៉ុន្តែនៅតែមិនស្មើនឹងទីផ្សារចិនដដែល ។
ការចាប់ផ្ដើមរបស់ចិនក្នុងការចូលទីផ្សារសណ្ដែកសៀងរបស់អាមេរិកវិញនេះ បង្ហាញថា ស្ថានភាពសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរកាន់តែវិវត្តន៍រកផ្លូវវិជ្ជមានជាបណ្ដើរៗវិញ៕
ចែករំលែកព័តមាននេះ