ទីក្រុងបេរូត៖ មានហេតុការណ៍ផ្ទុះឧបករណ៍ទំនាក់ទំនងចល័តនៅប្រទេសលីបង់បណ្ដាលឱ្យមនុស្សបីនាក់ស្លាប់ និងជាង១ពាន់នាក់រងរបួស។ ក្នុងនោះក៏មានយុទ្ធជនរបស់ក្រុមហេស្បូឡាផងដែរ។ ក្រៅពីនេះមានគ្រូពេទ្យ និងអ្នកការទូតអ៊ីរ៉ង់ប្រចាំប្រទេសលីបង់ក៏ត្រូវរបួសផងដែរនៅពេលឧបករណ៍ទំនាក់ទំនងចល័តដែលពួកគេប្រើប្រាស់នោះស្រាប់តែផ្ទុះឡើងព្រមៗគ្នាកក្រើកប្រទេសលីបង់តែម្ដង។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីកងសន្តិសុខជាតិរបស់ប្រទេសលីបង់ប្រាប់អ្នកសារព័ត៌មាន។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហេស្បូឡាដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាករណីផ្ទុះឧបករណ៍ទំនាក់ទំនងយ៉ាងកងរំពងពេញផ្ទៃប្រទេសដល់ថ្នាក់នេះមិនមែនជារឿងតូចតាចទេ។ វាជាចំណុចចន្លោះប្រហោងដ៏ធំបំផុតមិនធ្លាប់មានសម្រាប់វិស័យសន្តិសុខជាតិដែលក្រុមហេស្បូឡាជួបប្រទះ។ ករណីនេះកើតឡើងជិត១ឆ្នាំបន្ទាប់ពីក្រុមហេស្បូឡា និងអ៊ីស្រាអែលប៉ះទង្គិចគ្នា។
អ៊ីស្រាអែល និងក្រុមហេស្បូឡាបានបាញ់កាំភ្លើងដាក់គ្នានៅតំបន់ព្រំដែនជាហូរហែស្របពេលដែលសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់នៅតំបន់ហ្កាហ្សាក៏បន្តកើតឡើងមិនទាន់បញ្ចប់ទៅវិញនៅឡើយទេ។ ចំពោះករណីផ្ទុះឧបករណ៍ទំនាក់ទំនងនៅយប់ថ្ងៃអង្គារនោះ អ៊ីស្រាអែលសូមមិនធ្វើអត្ថាធិប្បាយអ្វីទេ។ ក្រុមហេស្បូឡាបញ្ជាក់ថាហេតុការណ៍នេះបានសម្លាប់មនុស្សបីនាក់ពិតប្រាកដមែន។ យុទ្ធជនរបស់ក្រុមហេស្បូឡាពីរនាក់ក៏បានស្លាប់ផងដែរ។
មនុស្សទីបីដែលស្លាប់ជាកុមារីម្នាក់។ ឥឡូវនេះ សមត្ថកិច្ចចាប់ផ្ដើមបើកការស៊ើបអង្កេតករណីនេះដើម្បីចង់ដឹងអំពីមូលហេតុរបស់វា។ រឹតតែសំខាន់ទៅទៀតនោះ ជនរងគ្រោះម្នាក់ដែលស្លាប់នៅក្នុងហេតុការណ៍នេះជាកូនប្រុសរបស់សមាជិកសភាប្រទេសលីបង់ និងជាសមាជិកក្រុមហេស្បូឡា។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសលីបង់មិនអាចគេចផុតពីហេតុការណ៍នេះបានឡើយ។ លោកត្រូវរបួសស្រាល ហើយត្រូវគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ឧបករណ៍ទំនាក់ទំនងចល័តដែលផ្ទុះនោះជាឧបករណ៍ទំនើបចុងក្រោយដែលក្រុមហេស្បូឡាទិញយកមកប្រើប្រាស់ទើបតែបានប៉ុន្មានខែប៉ុណ្ណោះ។ គេឃើញរថយន្តគិលានសង្គ្រោះ (ឡានពេទ្យ) បើកចេញចូលតំបន់ជាយក្រុងក្រុងបេរូតជាហូរហែ។ ទីនោះជាបញ្ជាការដ្ឋានដ៏ធំមួយរបស់ក្រុមហេស្បូឡា។ ភ្នាក់ងារសន្តិសុខជាតិម្នាក់ប្រាប់ថានៅប្រទេសលីបង់ខាងត្បូងក៏មានហេតុការណ៍ផ្ទុះឧបករណ៍ទំនាក់ទំនងនេះដូចគ្នា។
បើគេក្រឡេកទៅមើលទិដ្ឋភាពនៅមន្ទីរពេទ្យលីបង់ឯណោះវិញ គេឃើញម៉ូតូដឹកអ្នករបួសចូលបន្ទប់សង្គ្រោះបន្ទាន់យ៉ាងប្រញឹកដៃ។ អ្នកដែលត្រូវរបួសដៃបានស្រែកកងរំពងដោយសេចក្ដីឈឺចាប់។ ប្រធានមន្ទីរពេទ្យសាធារណៈនៅភាគខាងត្បូង លោកហាសាន់ វ៉ាស់ស្នី (Hassan Wazni) ប្រាប់ថានៅក្នុងមន្ទីរពេទ្យរបស់គាត់ក៏ទទួលអ្នករបួសប្រមាណ៤០នាក់ផងដែរ។
សាក្សីនិយាយថាហេតុការណ៍ផ្ទុះឧបករណ៍ទំនាក់ទំនងនោះចាប់ផ្ដើមដំបូងនៅម៉ោង៣:៤៥ល្ងាច។ បន្ទាប់មកក៏មានហេតុការណ៍ផ្ទុះនេះកើតឡើងជាហូរហែពេញប្រទេសលីបង់។ គេមិនទាន់ដឹងច្បាស់ថាតើឧបករណ៍ទាំងនេះផ្ទុះឡើងដោយរបៀបណាទេ។ កងសន្តិសុខលីបង់ប្រាប់ថាឧបករណ៍ទំនាក់ទំនងចល័តមិនប្រើខ្សែ (wireless) ផ្ទុះខ្លាំងជាងគេនៅតំបន់ជាយក្រុងបេរូតខាងត្បូង។
យោងតាមព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ រដ្ឋមន្ត្រីសុខាភិបាលលីបង់ប្រកាសថាចំនួនអ្នកស្លាប់កើនឡើងដល់៨នាក់ហើយ ហើយចំនួនអ្នករបួសសរុបជាង២៧០០នាក់។ ក្រុមយុទ្ធហេស្បូឡាត្រូវរបួសលើកនេះមិនតិចនាក់ទេព្រោះឧបករណ៍ទំនាក់ទំនងចល័តនេះត្រូវក្រុមហេស្បូឡាទិញយកមកចែកចាយនៅក្នុងចំណោមក្រុមរបស់គេដើម្បីងាយស្រួលទំនាក់ទំនងគ្នា។
ទោះបីគ្មានភស្តុតាងអ្វីក៏ដោយ ក៏លីបង់និយាយម៉ៃទុកជាមុនថានេះជាស្នាដៃរបស់ក្រុមអ៊ីស្រាអែល។ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងថាដ្ឋាភិបាលលីបង់សូមប្រកាសថ្កោលទោសទង្វើនេះជាទម្ងន់ដែលជាអំពើឈ្លានពានរបស់អ៊ីស្រាអែល។ លោកថ្លែងថាលីបង់នឹងចាត់វិធានការសងសឹកឱ្យបានចាស់ដៃបន្តិចដើម្បីឱ្យស័ក្ដិសមទៅនឹងទង្វើរបស់ពួកគេ៕
ចែករំលែកព័តមាននេះ