ប្រទេសបារាំង ៖ ប្រភពព័ត៌មានប៉ូលិសរាយការណ៍ថា មនុស្ស១៣៨៥នាក់បានត្រូវចាប់ខ្លួននៅបារាំង កាលពីថ្ងៃទី៨ ធ្នូ នៅខាងក្រៅបាតុកម្មរបស់ពួកអាវកាក់លឿង ហើយមនុស្ស៩៧៤នាក់ត្រូវជាប់ឃុំឃាំង។
យោងតាមក្រសួងមហាផ្ទៃបារាំងថា នៅក្រុងប៉ារីសចាប់ពីរសៀលថ្ងៃទី៨ធ្នូ បាតុកម្មមួយចំនួនប្រែក្លាយទៅជាការបង្កអំពើហិង្សាក្នុងទីក្រុងជាច្រើនរបស់បារាំង។ បាតុករប្រមាណជា១២៥.០០០នាក់បានប្រមូលផ្ដុំគ្នា ក្នុងនោះ១០.០០០នាក់នៅក្រុងប៉ារីស។ នៅក្រុងប៉ារីសបណ្ដារថយន្តត្រូវដុតបំផ្លាញ ហើយកញ្ចក់ជាច្រើនត្រូវវាយបំបែក រួចមានការដាក់របាំងរាំងផ្លូវនៅវិថី FRIEDLAND មហាវិថី COURCELLESឬមហាវិថីGARE SAINT LAZARE។ ពិសេសមនុស្ស៩២០នាក់ត្រូវចាប់ខ្លួននៅក្រុងប៉ារីសឬតំបន់ទីក្រុងនេះ។
ចំណែកនៅក្រុងទូលួសពិសេសនៅតំបន់OCCITANIE សភាពការណ៍ពិតជាក្ដៅគគុក។ ការប៉ះទង្គិចគ្នានានាផ្ទុះឡើងរវាងពួកបាតុករ១០០០នាក់និងកងកម្លាំងប៉ូលិស។ របាំងរាំងផ្លូវនានាត្រូវបានដាក់ ជាមួយការប្រមូលសម្ភារសំណង់ឬរបស់ងាយដុតឆេះទាំងឡាយនៅលើទ្រូងផ្លូវ។ សភាពការណ៍ក៏តានតឹងដែរនៅ SAINT ETIENNE ដែលនៅទីនោះរថយន្តប៉ូលិសត្រូវដុត ហើយនៅទីក្រុងRENNES ប៉ូលិសប៉ះគ្នាជាមួយពួកបាតុករដែលបិទមុខ។ ការប៉ះទង្គិចគ្នាក៏កើតមានរហូតដល់ពេលយប់។ ហាងទំនិញនានាត្រូវចូលអុកឡុកនិងប្លន់។
សកម្មភាពពួកអាវកាក់លឿងនៅ ក្រុងព្រុចសែលចំណែកនៅក្រុងព្រុចសែលបែលហ្សិកវិញ យោងតាមប៉ូលិសថា មនុស្សប្រមាណជា៤០០នាក់ ត្រូវចាប់ខ្លួននាថ្ងៃទី៨ធ្នូនៅទីក្រុងនេះ ហើយប៉ូលិសម្នាក់រងរបួស ពេលផ្ទុះបាតុកម្ម របស់ពួកអាវកាក់លឿងបែលហ្សិក ដែលប្រមូលផ្ដុំមនុស្សប្រមាណជា១០០០នាក់។
ពួកអាវកាក់លឿងមួយចំនួនបានគប់គ្រឿងឆេះនិងរបស់របរនានាទៅលើកងកម្លាំងប៉ូលិស នៅសង្កាត់ដែលមានបណ្ដាស្ថាប័នអឺរ៉ុប ហើយនៅទីនោះវិថីទាំងឡាយត្រូវបិទមិនឲ្យធ្វើចរាចរណ៍។ ប៉ូលិសត្រូវបង្ខំចិត្តប្រើកាណុងបាញ់ទឹក ព្រមទាំងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពួកបាតុករ។ ក៏មានការខូចខាតមួយចំនួនដោយសារការអុកឡុករបស់ពួកបាតុករដែរ៕
ចែករំលែកព័តមាននេះ