ខេត្តបាត់ដំបង ៖ ជនអន្ធពាលម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចតាមព័ទ្ធចាប់បានភ្លាមៗ ក្រោយពីបានវាយសម្លាប់អ្នកភូមិម្នាក់យ៉ាងឃោរឃៅ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ វិច្ឆិកា ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ដោយចោទជនរងគ្រោះថា បានធ្វើ «អំពើ» ទៅលើខ្លួន ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះភិន សុធា ហៅក្រត អាយុ២៦ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ។ រីឯជនរងគ្រោះឈ្មោះអ៊ឹម ឆឺយ អាយុ៦៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ មន្ត្រីដដែលបានប្រាប់ថា ជនដៃដល់បានប្រើចបជីកដែកចាំស្ទាក់វាយទៅលើជនរងគ្រោះត្រូវចំក្បាលជាច្រើនកន្លែងរហូតផុងលលាដ៍ក្បាលស្លាប់ភ្លាមៗ ខណៈគាត់កំពុងជិះម៉ូតូតាមផ្លូវនៅក្នុងភូមិ ។
ក្រោយពេលវាយមនុស្សស្លាប់ ជននេះបានព្យាយាមរត់គេចខ្លួនជាមួយនឹងកូនកាំបិតមួយនៅក្នុងដៃ ប៉ុន្តែប្រមាណ២ម៉ោងក្រោយ ក៏ត្រូវសមត្ថកិច្ចព័ទ្ធចាប់ខ្លួនបានតែម្ដង ។ សមត្ថកិច្ចបានបញ្ជាក់អំពីមូលហេតុ នៃអំពើហិង្សាដ៏ឃោរឃៅនេះថា ជនដៃដល់បានចោទជនរងគ្រោះថា ចេះមន្តអាគមន៍ ហើយថែមទាំងបានធ្វើ«អំពើ» ទៅលើខ្លួនទៀតផងទើបសម្លាប់បែបនេះ ។
ជនកំណាចឈ្មោះភិន សុធា ហៅក្រត បានសារភាពទាំងងងិតងងុល នៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាខឹងនឹងជនរងគ្រោះដែលបានធ្វើអំពើមកលើខ្លួនមែន។ ជននេះបាននិយាយថា ជនរងគ្រោះបានធ្វើអំពើ មកលើខ្លួន តែមិនព្រមដោះចេញ ទើបខ្លួនតាមវាយសម្លាប់បែបនេះ ។ ជននេះសារភាពទៀតថា ខ្លួនបានព្យាយាមតាមសម្លាប់ជនរងគ្រោះប្រហែល១០ថ្ងៃមកហើយ តែមិនបានសម្រេច ។
នៅថ្ងៃកើតហេតុនោះ ខ្លួនបានកាន់ចបជីកតាមរកជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះជិះម៉ូតូតាមផ្លូវ ខ្លួនក៏កាក់ឲ្យឈប់ហើយសួរគាត់ថា «ពេលណាទើបតាដោះអំពើចេញពីខ្លួនខ្ញុំ?» គាត់មិនឆ្លើយតបទេ ហើយព្យាយាមជិះម៉ូតូចេញទៅ ទើបខ្លួនទាញចបជីកដេញវាយក្បាលគាត់ពីក្រោយធ្លាក់ពីលើម៉ូតូស្លាប់ទៅ ។
សមត្ថកិច្ចបញ្ជាក់ប្រាប់ដែរថា ជនដៃដល់រូបនេះពិតជាស្គាល់ស្និទ្ធិជាមួយជនរងគ្រោះមែន ហើយតែងហៅជនរងគ្រោះថា «តា តា» តែជនដៃដល់រូបនេះក៏ជាមនុស្សបែកថ្នាំដែរ ទើបលេងដឹងខុសត្រូវរហូតឈានដល់ការសម្លាប់មនុស្សបែបនេះ ។ អ្នកភូមិបាននិយាយដែរថា ជនដៃដល់ឈ្មោះក្រតនេះ ពិតជាមនុស្សប្រើប្រាស់ថ្នាំញៀនមែន ។
ជននេះបានស្គាល់និងតែងនិយាយជាមួយជនរងគ្រោះរាល់ថ្ងៃ មិនតែប៉ុណ្ណោះ ធ្លាប់សុំលុយជនរងគ្រោះចាយជាប្រចាំទៀតផង ។ ជនរងគ្រោះជាមនុស្សចាស់ទុំនៅក្នុងភូមិ និងចេះស្ដោះផ្លុំមើលជំងឺយ៉ាងពូកែផងដែរ ដែលធ្វើឲ្យអ្នកភូមិគោរពស្រលាញ់គាត់គ្រប់ៗគ្នា ។ ប៉ុន្តែទំនងដោយសារជនរងគ្រោះចេះព្យាបាលជំងឺបែបនេះហើយ ទើបជនដៃដល់បែកថ្នាំនោះចោទគាត់ថា បានធ្វើអំពើទៅលើខ្លួន ហើយព្យាយាមតាមសម្លាប់គាត់រហូតបានសម្រេចតែម្ដង ។
ជុំវិញអំពើឃាតកម្មខាងលើនេះ លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានមានប្រសាសន៍ថា បើតាមចម្លើយជនសង្ស័យ និងការបំភ្លឺខ្លះៗពីអ្នកភូមិ គឺជនដៃដល់រូបនេះពិតជាបានព្យាយាមតាមសម្លាប់ជនរងគ្រោះមែន ដោយចោទជនរងគ្រោះថា ចេះមន្តអាគមន៍ ហើយបានធ្វើអំពើទៅលើខ្លួន។
លោកបានបញ្ជាក់ថា បន្ទាប់ពីត្រូវឃាត់ខ្លួនជនដៃដល់ អ្នកភូមិរាប់រយនាក់បានលើកគ្នាមកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ក្នុងគោលបំណងយាយីអាយុជីវិតជនដៃដល់ក្រៅប្រព័ន្ធច្បាប់។ ព្រោះតែកំហឹងរបស់ពួកគេ តែត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការរារាំង និងណែនាំឲ្យពលរដ្ឋបន្ធូរកំហឹង ហើយក៏រំសាយវិញភ្លាមៗដែរ។ ទោះយ៉ាងណា ពេលនេះមន្ត្រីជំនាញបានសួរចម្លើយជនដៃដល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ហើយ ៕
ចែករំលែកព័តមាននេះ