ប្រទេសអីុរ៉ាក់-អីុរ៉ង់ ៖ ប្រធានាធិបតីថ្មីអីុរ៉ាក់ លោក BARHAM SALEH ពេលទៅបំពេញទស្សនកិច្ចផ្លូវការមួយនៅអីុរ៉ង់ អំពាវនាវកាលពីថ្ងៃទី១៧ វិច្ឆិកា ឲ្យមានរបៀបរៀបរយថ្មីមួយក្នុងតំបន់។ នេះជាទស្សនកិច្ចលើកដំបូងរបស់លោកនៅអីុរ៉ាក់ ចាប់តាំងពីលោកជាប់ឆ្នោតពីខែតុលាមក។
លោកSALEHថា បានជួបពិភាក្សាជាមួយសមភាគីអីុរ៉ង់លោកហាសាន់រ៉ូហានី ដោយផ្ដោតជាពិសេសលើការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំង២ ក្រោយការដាក់ទណ្ឌកម្មតឹងរ៉ឹងរបស់អាមេរិកប្រឆាំងអីុរ៉ង់។ ក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងតេហេរ៉ង់ លោកSALEH គូសបញ្ជាក់ថា ដល់ពេលធ្វើឲ្យមានរបៀបរៀបរយថ្មីមួយក្នុងតំបន់ហើយ ដើម្បីឆ្លើយតបចំពោះផលប្រយោជន៍ របស់គ្រប់ប្រទេសទាំងអស់ក្នុងតំបន់។ យើងយល់ឃើញថាអីុរ៉ង់ដើរតួនាទីសំខាន់ក្នុងការធ្វើឲ្យមានរបៀបរៀបរយថ្មីនោះ។
ជាជនជាតិឃើតនិយមកណ្ដាល លោកSALEH អាយុ៥៨ឆ្នាំត្រូវបានជ្រើសរើសជាប្រធានាធិបតីអីុរ៉ាក់កាលពីខែតុលា។
ចំណែកលោករ៉ូហានីអះអាងថា ប្រទេសជិតខាងទាំង២ បានយល់ស្របគ្នាបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មឲ្យដល់ពី១២ទៅ២០ពាន់លានដុល្លារ។ លោកបន្តថាសន្តិសុខនិងស្ថេរភាពក្នុងតំបន់ទាំងមូល បម្រើផលប្រយោជន៍របស់គ្រប់គ្នា។ យើងពុំត្រូវការការជ្រៀតជ្រែកណាមួយរបស់បរទេសក្នុងតំបន់ឡើយ។
អីុរ៉ង់មានឥទ្ធិពលខ្លាំងនៅអីុរ៉ាក់ ចាប់តាំងពីការផ្ដួលរំលំលោកសាដាមហ៊ូសេន ដោយសារការលុកលុយរបស់អាមេរិកកាលពីឆ្នាំ២០០៣មក ហើយជាដៃគូគន្លឹះមួយក្នុងការវាយលុករបស់កងទ័ពអីុរ៉ាក់ បណ្ដេញពួកជីហាដក្រុមរដ្ឋអីុស្លាម ចេញពីបណ្ដាដែនដីដែលពួកនោះកាន់កាប់ក្នុងប្រទេស៕
ចែករំលែកព័តមាននេះ