រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានអះអាងថា កម្ពុជាគឺជាប្រទេសដែលមានគោលនយោបាយគាំពារវិនិយោគល្អជាងគេ ជាមួយសក្តានុពលខ្ពស់ខាងវិស័យកសិកម្ម ឧស្សាហកម្មកម្មន្តសាល(ធុនស្រាល) បច្ចេកវិទ្យា និងសេវាកម្ម ដែលវិនិយោគិនបរទេស អាចទទួលបានអត្ថប្រយោជន៍ច្រើន និងប្រាក់ចំណេញខ្ពស់ពីការវិនិយោគ ។
លោករដ្ឋមន្ត្រីថ្លែងបែបនេះនៅក្នុងជំនួបជាមួយលោក Tahamoana Aisea Cluny MacPherson ឯកអគ្គរដ្ឋទូតសាធារណរដ្ឋនូវែលហ្សេឡង់នៅទីស្តីការក្រសួង កាលពីពេលថ្មីៗនេះ ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ៖« គោលនយោបាយគាំពារវិនិយោគសំខាន់ៗរបស់កម្ពុជារួមមាន មិនរើសអើងជាតិសាសន៍, មិនរឹបអូសទ្រព្យ, មិនត្រូវការដៃគូក្នុងស្រុក, មិនកំណត់តម្លៃទំនិញនិងសេវាកម្ម, មិនកំហិតរូបិយប័ណ្ណបរទេស និងមិនត្រួតត្រាទុនវិនិយោគ ព្រមទាំងសក្តានុពលនៃវិស័យកសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងឧស្សាហកម្មកម្មន្តសាល »។ លោករដ្ឋមន្ត្រីបន្ដថា ៖« កម្ពុជាមានគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិផលមិនទាន់កែច្នៃច្រើន យើងចង់បានវិនិយោគិននូវែលហ្សេឡង់ មកវិនិយោគលើវិស័យកម្មន្តសាល ដើម្បីផ្ទេរជំនាញ និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកសិផល ដើម្បីជំរុញការនាំចេញ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា »។
លោក Tahamoana Aisea Cluny MacPherson បានសម្តែងការចាប់អារម្មណ៍ចំពោះគម្រោងPlus Oneនៅតាមតំបន់សេដ្ឋកិច្ចពិសេស និងបានសន្យាផ្សព្វផ្សាយដំណឹងនេះ ដល់មន្ត្រីទទួលបន្ទុកផ្នែកពាណិជ្ជកម្មនូវែលហ្សេឡង់ ដើម្បីមកបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាជួយកៀងគរវិនិយោគិននូវែហ្សេឡង់ ឱ្យមកបណ្តាក់ទុនកាន់តែច្រើន នាពេលអនាគត ។
ការអនុវត្តគោលនយោបាយគាំពារវិនិយោគិននេះ ក៏ត្រូវបានវិស័យឯកជនយល់ឃើញថា កំពុងទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិនបរទេសមកបណ្ដាក់ទុននៅកម្ពុជាមានកំណើនជាបន្ដបន្ទាប់ផងដែរ ។
អគ្គនាយករងក្រុមហ៊ុន អេមរុ រាយស៍យល់លោក កាន់ គន្ធី យល់ឃើញថា គោលនយោបាយគាំពារដែលរាជរដ្ឋាភិបាលកំពុងអនុវត្តនេះ គឺមានប្រសិទ្ធភាពល្អទាំងក្នុងវិស័យឯកជន និងការវិនិយោគ ។
អគ្គនាយករងថ្លែងថា ៖« តាមពិតគោលនយោបាយគាំពារវិនិយោគិនរបស់រាជរដ្ឋាភិបាលនេះ ចូលរួមគាំពារច្រើន ហើយតាំងពីមានគោលនយោបាយនេះ យើងឃើញមានក្រុមហ៊ុនធំៗចូលមកវិនិយោគផ្ទាល់នៅកម្ពុជាច្រើន សូម្បីតែនៅក្នុងវិស័យស្រូវអង្ករ ក៏ឃើញមានក្រុមហ៊ុនយក្សធំៗចូលមកវិនិយោគដែរ នៅពេលយើងបង្កើតគោលនយោបាយគាំពារថា មិនចាំបាច់ចូលរួមជាមួយវិនិយោគិនកម្ពុជា គាត់អាចវិនិយោគិន១០០%បាន ហើយយើងឃើញធនាគារធំៗមួយចំនួនធំក៏ជាធនាគារបរទេសដែរ »។
លោកបញ្ជាក់ថា ៖« គោលនយោបាយនេះ គឺមានប្រសិទ្ធភាពច្រើន ហើយវាបានចូលរួមជួយសេដ្ឋកិច្ចកម្ពុជាបានច្រើន នៅពេលក្រុមហ៊ុនធំៗចូលមកកម្ពុជា ទីមួយគាត់មានថវិកា ធនធាន និងមានបច្ចេកទេសជាដើម ។ លើសពីនេះធ្វើឱ្យវិស័យមួយចំនួននៅក្នុងស្រុកមានភាពប្រសើរ និងមានការប្រកួតប្រជែង »៕
ចែករំលែកព័តមាននេះ