ខេត្តបន្ទាយមានជ័យ ៖ ភ្នំ២កន្លែងនៅឃុំភ្នំលៀបរងការកាយបំផ្លាញដោយក្រុមហ៊ុនគ្មានច្បាប់ក្រោយពេលដែលមានជនរងគ្រោះឡើងដឹកដីភ្នំបណ្តាលធ្លាក់រថយន្តសង្កត់ស្លាប់ទើបបែកការ ។
ជាក់ស្តែងនៅវេលាម៉ោង៧និង៥៥នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភ្នំទ្រយោង ភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ មានជនរងគ្រោះម្នាក់ឈ្មោះ ឃិញ ស៊ី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្តដឹកដី រស់នៅភូមិកើតហេតុបានបើករថយន្តឡើងទៅដឹកដីលើភ្នំត្រូវបានអ៊ែស្កាកាយដីថ្មដាក់រអិលធ្លាក់ពីលើភ្នំកម្ពស់ជិត៧០ម៉ែត្របណ្តាលរថយន្តសង្កត់ស្លាប់ភ្លាមនឹងកន្លែង ។
ក្នុងនោះផងដែរសង្កេតឃើញមានភ្នំចំនួន២កន្លែងកំពុងរងការកាយបំផ្លាញយកដីលក់ដូចជាភ្នំទ្រយោងរងការកាយយកដីភ្នំជុំវិញអស់ជើងភ្នំហើយកាយផ្នែកខាងក្រោមស្ទើរដល់ក្បាលប្រែត និងភ្នំលៀបនៅខាងជើងឈៀងខាងកើតជាប់ភូមិកំពុងរងការកាយអស់មួយចំហៀងភ្នំ ។
ទាក់ទិនការកាយបំផ្លាញភ្នំចំនួន២កន្លែងក្នុងឃុំភ្នំលៀប លោក អែម ណុយ មេឃុំភ្នំលៀបបានប្រាប់នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ថាភ្នំចំនួន២កន្លែងមានភ្នំលៀប និងភ្នំទ្រយោងនេះពិតជាមានអ្នកកាយដីភ្នំលក់ដែលមាន៤ទៅ៥ម្ចាស់ ហើយគ្មានច្បាប់តែមានក្រុមហ៊ុនខ្លះមានច្បាប់នៅជើងភ្នំតែមកកាយយកដីភ្នំ ។
លោក ឃូរ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានបញ្ជាក់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ថានៅភ្នំទ្រយោង ស្ថិតឃុំភ្នំលៀប ដែលមានជនរងគ្រោះស្លាប់ដោយរថយន្តដឹកដីធ្លាក់ពីលើភ្នំសង្កត់ស្លាប់កំពុងរត់ច្បាប់តែមានមួយចំនួនមិនទាន់មានច្បាប់ដែលកាយភ្នំទ្រយោង និងភ្នំលៀបដែលបានអោយអាជ្ញាធរឃុំចុះទៅហាមឃាត់មិនអនុញ្ញាតិអោយកាយទៀតឡើយ ៕
ចុចអាន ៖ អាជីវកម្មកាយដីភ្នំលៀប ធ្លាក់រថយន្តដឹកដី១គ្រឿងពីលើភ្នំស្លាប់តៃកុងម្នាក់
ចែករំលែកព័តមាននេះ