រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត បានអះអាងថា ព្រលានយន្តហោះក្រុងប៉ោយប៉ែត នឹងចាប់ផ្តើមសាងសង់ឡើងវិញនៅរដូវប្រាំងខាងមុខនេះហើយ បន្ទាប់ពីផ្អាកអស់រយៈពេល១០ឆ្នាំមក ។ ព្រលាននេះមានទំហំផ្ទៃដីចន្លោះពី១០០ទៅ២០០ហិកតា មានទីតាំងនៅតំបន់កូនដំរី ចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីទីក្រុងប៉ោយប៉ែត ដែលអាចប្រើប្រាស់សម្រាប់ការហោះហើរក្នុងស្រុក និងអាចភ្ជាប់ទៅកាន់អន្តរជាតិនាពេលអនាគត ។
អ្នកជំនាញក្នុងវិស័យទេសចរណ៍និយាយថា ការដំណើរការសាងសង់ព្រលានយន្ដហោះនេះឡើងវិញ នឹងក្លាយជាជម្រើសថ្មីមួយទៀត សម្រាប់អ្នកដំណើរទាំងក្នុង និងក្រៅប្រទេស ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានស្វាគមន៍គម្រោងវិនិយោគនេះ ដោយបានអះអាងថា ការមានព្រលានយន្តហោះនេះនឹងផ្តល់ជម្រើសកាន់តែងាយស្រួលដល់អ្នកដំណើរ ដែលពួកគេអាចកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចររវាងរាជធានីភ្នំពេញ ប៉ោយប៉ែត និងប៉ោយប៉ែត មកកាន់ខេត្តសៀមរាប តាមរយៈការភ្ជាប់ជើងហោះហើររវាងព្រលានយន្តហោះទាំងនេះ ។
លោកស្រីបន្តថា ៖« វានឹងផ្តល់ជម្រើសកាន់តែច្រើនដល់ភ្ញៀវជាតិ អន្តរជាតិ បើសិនពួកគេមិនចង់ចំណាយពេលយូរ ពួកគេអាចមានជម្រើសក្នុងការធ្វើដំណើរតាមផ្លូវអាកាស ដែលចំណាយពេលវេលាតិច »។
អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ាងហូ បានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១ វិច្ឆិកា កន្លងមកថា ព្រលានយន្តហោះនេះ បានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០០៨ តែត្រូវផ្អាកទៅវិញ ។ ព្រលាននេះបានសាងសង់ផ្លូវរត់យន្តហោះរួចហើយ នៅតែចាក់បេតុងបន្ថែម និងសាងសង់អគារទទួលអ្នកដំណើរប៉ុណ្ណោះ ។
លោកបញ្ជាក់ថា ៖« ព្រលាននេះ ស្ថិតនៅតំបន់មួយដែលគេហៅថាតំបន់កូនដំរី មានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីក្រុងប៉ោយប៉ែតដែលជាការវិនិយោគដោយម្ចាស់សណ្ឋាគារ និងកាស៊ីណូ ហូលីដេ គឺលោកឧកញ៉ាតូនី »។
លោកអភិបាលក្រុងប៉ោយប៉ែត បានបន្តថា ព្រលានយន្តហោះនេះនឹងដំណើរការសាងសង់ដោយរលូន ព្រោះបច្ចុប្បន្នមានភ្ញៀវចិន អ្នកវិនិយោគចិន និងអ្នកវិនិយោគបរទេសជាច្រើនទៀតបានមកវិនិយោគនៅទីក្រុងនេះ ដោយសារវាមានព្រំដែនជាប់ជាមួយប្រទេសថៃ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងមានផ្លូវដែកដែលងាយស្រួលក្នុងការដឹកជញ្ជូន ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឲ្យអ្នកវិនិយោគព្រលានយន្តហោះនេះ ចាប់ផ្តើមសាងសង់ឡើងវិញហើយ បន្ទាប់ពីបានផ្អាករយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ លោកបន្តថា ៖« ការវិនិយោគសាងសង់ឡើងវិញនូវព្រលានយន្តហោះនេះ អាចចំណាយទុនវិនិយោគចន្លោះពី៤០ទៅ៥០លានដុល្លារអាមេរិក»៕
ចែករំលែកព័តមាននេះ