រាជធានីភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ដ៏មហិមាមួយដែលរួមមាន អគារទំនើប រោងចក្រ កំពង់ផែ ព្រលានយន្តហោះ ផ្លូវរថភ្លើងល្បឿនលឿន និងគម្រោងជាច្រើនទៀត ត្រូវបានគណៈប្រតិភូចិនដែលដឹកនាំដោយ លោក ហុង ងៀន ស្ថាបនឹកក្រុមហ៊ុនសៀងហៃ ហុងងៀន បានបង្ហាញប្រាប់ដល់ថ្នាក់ដឹកនាំខេត្តកំពត ដោយមានបំណងចង់បោះទុនអភិវឌ្ឍន៍ខេត្តនេះឲ្យរីកចម្រើនដូចនឹងខេត្តស៊ិនចូវ ប្រទេសចិន ឬឲ្យដូចនឹងប្រទេសសិង្ហបុរីតែម្ដង ដោយសារតែខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាមួយនេះ មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ។
បន្ទាប់ពីជួបពិភាក្សាការងារជាមួយលោក ជាវ តាយ អភិបាលខេត្តកំពតកាលពីរសៀលថ្ងៃទី៣០ ខែតុលា កន្លងមក លោកហុង ងៀន ប្រធានប្រតិភូចិន និងជាស្ថាបនឹកក្រុមហ៊ុនសៀងហៃ ហុងងៀន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយបានជួបពិភាក្សាជាមួយលោកអភិបាលខេត្តរួច។
ក្រុមហ៊ុនលោកមានបំណងមកដាក់ទុនរកស៊ីនៅខេត្តកំពត និងមានមហិច្ឆតាចង់ប្រែក្លាយខេត្តនេះ ជាតំបន់សេដ្ឋកិច្ចពិសេស ដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា និងជួយជំរុញផ្នែកសេដ្ឋកិច្ច ពោលគឺចង់ឲ្យមានការអភិវឌ្ឍជឿនលឿនដូចនៅក្នុងខេត្តស៊ិនចូវ ប្រទេសចិន ឬក៏ដូចនៅសិង្ហបុរី ព្រោះតាមការសម្លឹងមើលនៅកម្ពុជា ពុំទាន់មានគម្រោងដូចនេះនៅឡើយទេ។
លោក ហុង ងៀន បានឲ្យដឹងថា ៖« ក្រុមហ៊ុនយើងគ្រោងវិនិយោគលើវិស័យគមនាគមន៍ ដូចជាការធ្វើកំពង់ផែ ព្រលានយន្តហោះ ផ្លូវរថភ្លើងល្បឿនលឿន កំពត-ភ្នំពេញ ,កំពត-ខេត្តព្រះសីហនុ និងគម្រោងជាច្រើនទៀត »។ ប្រធានប្រតិភូក្រុមហ៊ុនវិនិយោគចិន ក៏ស្នើឲ្យអាជ្ញាធរខេត្ត ឬជំនាញពាក់ព័ន្ធ មានការសហការគាំទ្រ ព្រមទាំងធានាទាំងសន្តិសុខ និងផ្លូវច្បាប់គ្រប់គ្រាន់ផងដែរ ។
លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយធានាបាននូវផ្លូវច្បាប់គ្រប់គ្រាន់ពេញលេញសម្រាប់អ្នកវិនិយោគនានាទាំងក្នុង និងក្រៅស្រុកមកដាក់ទុនរកស៊ីនៅកម្ពុជា ។ លោកអភិបាលខេត្តបញ្ជាក់ថា ៖« ម្រោងធំៗដូចនេះ ក្រោយពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគហើយ នឹងត្រូវដាក់ឆ្លងទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឬក៏រាជរដ្ឋាភិបាល និងរដ្ឋសភា ជាអ្នកសម្រេច»។
ទោះជាយ៉ាងណា គម្រោងដ៏ធំមួយនេះ នៅមិនទាន់បានពិភាក្សាលម្អិតនៅឡើយថា តើនឹងជ្រើសយកតំបន់ណានៃខេត្តកំពត ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសបែបទំនើប ដែលរួមមានក្រុង អគារទំនើប រោងចក្រ កំពង់ផែ ព្រលានយន្តហោះ និងកន្លែងទេសចរណ៍ ហើយក្រុមហ៊ុនក៏មិនទាន់ប្រកាសឲ្យដឹងអំពីទំហំនៃការវិនិយោគដែលគ្រោងចំណាយប៉ុន្មាននៅឡើយដែរ ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតពិតជាមានសកម្មភាពសេដ្ឋកិច្ចរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានទាំងវិនិយោគិនជាតិ និងអន្តរជាតិ បានចូលមកស្វែងរកទិញដីត្រៀមដើម្បីវិនិយោគយ៉ាងមមាញឹក ។
បើតាមស្ថាបនិក និងជាប្រធានក្រុមហ៊ុន Blue Star Realty លោក កែវ សុជាតិ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា បន្ទាប់ពីមានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួននៅក្នុងខេត្តកំពតចាប់ផ្ដើមដំណើរការ បានធ្វើឲ្យអ្នកវិនិយោគហាក់បង្ហាញពីភាពជឿជាក់ និងបន្ថែមការបណ្ដាក់ទុនកាន់តែច្រើននៅខេត្តមួយនេះ ។
លោកបន្ដថា ៖« សព្វថ្ងៃនេះ គេឃើញមានវិនិយោគិនបរទេសជាច្រើន ពិសេសវិនិយោគិនចិន បានមកចងមុងចាំវិនិយោគស្រាប់ទៅហើយ ស្របពេលការវិនិយោគក្នុងខេត្តព្រះសីហនុកំពុងមានសន្ទុះខ្លាំង ហើយវិនិយោគិនទាំងនោះអាចនិយាយថា បានហៀរពីខេត្តព្រះសីហនុមក »។ លោកថា ៖« យើងបានពិនិត្យមើលលំហូរអ្នកវិនិយោគជនជាតិចិន ឃើញមកជួលសណ្ឋាគារ និងផ្ទះសំណាក់ច្រើននៅខេត្តកំពត ដើម្បីរង់ចាំឱកាសវិនិយោគនៅពេលវេលាមកដល់ »។
ចក្ខុវិស័យនៅថ្ងៃអនាគត ខេត្តជាប់មាត់សមុទ្រទាំងអស់របស់កម្ពុជា នឹងមានការរីកចម្រើនខ្លាំងដោយសារផលប្រយោជន៍នៃគោលនយោបាយ «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់ប្រទេសចិន ដែលបានកំណត់យកខេត្តជាប់សមុទ្រទាំង៤ខេត្តជាផ្លូវសូត្រ ដែលជាផ្លូវស្របតាមមាត់សមុទ្រពីខេត្តកោះកុង រហូតដល់ខេត្តកែប ដែលអាចនឹងចាប់ផ្តើមស្ថាបនានៅពេលអនាគត ៕
ចែករំលែកព័តមាននេះ