រាជធានីភ្នំពេញ ៖ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជារបស់អង្គការសហប្រជាជាតិ (UN) លោកស្រី រ៉ូណាស្មីត បានបង្ហាញការគាំទ្រចំពោះកម្មវិធីសម្បទានដីធ្លីសង្គមកិច្ច និងលំនៅខាងតម្លៃសមរម្យនៅកម្ពុជា ។
ការប្រកាសគាំទ្ររបស់អ្នករាយការណ៍ពិសេសរបស់ UN នេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយឧបនាយករដ្ឋមន្ដ្រីជា សុផារ៉ា រដ្ឋមន្ដ្រីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីល្ងាចថ្ងៃទី៣១ ខែតុលា នៅទីស្តីការក្រសួង ។ ក្នុងជំនួបលោកស្រី រ៉ូណាស្មីត បានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះកម្មវិធីសម្បទានដីធ្លីសង្គមកិច្ច និងលំនៅឋានតម្លៃសមរម្យដោយលោកស្រីថា មានសារៈសំខាន់ក្នុងការផ្ដល់ឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅសមរម្យ និងជាការលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានដី និងលំនៅឋាន ។
ចំណែកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបប្រាប់ទៅលោកស្រី រ៉ូណាស្មីត វិញថា ការចុះបញ្ជីដីធ្លីសម្រេចបានប្រមាណ៥លាន ក្បាលដីស្មើនឹង៧១ភាគរយនៃក្បាលដីសរុប ប្រមាណ៧លាន ក្បាលដីដែលសំដៅផ្ដល់នូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងជាទុនជូន ប្រជាពលរដ្ឋ ។ រីឯការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច គឺបានជាង២៤សហគមន៍ ដែលចូលរួមការពារនូវអត្តសញ្ញាណទំនៀមទំលាប់ និងប្រពៃណីល្អរបស់បងប្អូនជនជាតិដើម ភាគតិច នៅកម្ពុជា ការផ្ដល់សម្បទានដីសង្គមកិច្ច និងលំនៅឋានជូនប្រជាពលរដ្ឋដែលខ្វះដី និងការសហការជាមួយដៃគូឯកជនក្នុងការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យដែលជាការយកចិត្ត ទុកដាក់លើកកម្ពស់សិទ្ធិទទួលបានលំនៅឋាន និងសិទ្ធិលើដីធ្លីរបស់ប្រជាពលរដ្ឋជាដើម ។
លោកឧបនាយករដ្ឋមន្ដ្រីក៏បានបញ្ជាក់ប្រាប់ទៅលោកស្រី រ៉ូណាស្មីតថា ការដោះស្រាយវិវាទដីធ្លីត្រូវបានចាត់ចែងដោយឈរលើគោលការណ៍ច្បាប់ និងការគោរពសិទ្ធិមនុស្សជាសកល ដោយទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនដែលនាំមកនូវការសាទរពីប្រជាពលរដ្ឋ និងភាពសុខដុមនៃសង្គម ។
យ៉ាងណាក៏ដោយក្តីក្នុងជំនួបនោះលោកស្រី រ៉ូណាស្មីតក៏បានសំណូមពរដល់រដ្ឋមន្ដ្រីក្រសួងដែនដីអំពីការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីបញ្ចៀសការចូលទន្ទ្រានកាន់កាប់ដីរបស់សហគមន៍ជាយថាហេតុ និងជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេសដែលជាបញ្ហាស្នូលអំពីសិទ្ធិមនុស្សដោយការប្រើប្រាស់ដី គឺជាមូលដ្ឋានសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព លុបបំបាត់ភាពក្រក្រី និងធានាសន្តិសុខស្បៀង និងស្នើសុំបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គភាពជំនាញរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីជួយផ្ដល់យោបល់ និងធាតុចូលសម្រាប់បំពេញបន្ថែមទៅលើរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជាដែលនឹងរៀបចំឡើងនៅពេលខាងមុខនេះ ។
សូមជម្រាបថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជាអ្នកស្រី រ៉ូណាស្ម៊ីត (Rhona Smith) ធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះ ដំណើរទស្សនកិច្ចនេះអ្នកស្រីគ្រោងជួបមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលតំណាងមន្ត្រីសង្គមស៊ីវិល និងអ្នកការទូតនៅកម្ពុជា ។ មុនពេលអ្នកស្រីចាកចេញពី កម្ពុជាអ្នកស្រីនឹងធ្វើសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ហើយអ្នកស្រីនឹងធ្វើរបាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សកម្ពុជាទៅអង្គការសហប្រជាជាតិខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខ ៕
ចែករំលែកព័តមាននេះ