រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនបរទេសម្នាក់ ត្រូវគេប្រទះដេកស្លាប់ក្រោមខុនដូមួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១រសៀលថ្ងៃទី១៨ តុលា ស្ថិតនៅចំណុចនៅចំណុចភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ខណៈគាត់ជិះម៉ូតូត្រឡប់មកពីខាងក្រៅវិញ ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ Micheal Rex ជាជនជាតិអាមេរិក អាយុ៥២ឆ្នាំ ស្នាក់នៅក្នុងខុនដូចំណុចកើតហេតុរយៈ៣ឆ្នាំហើយ ដោយរស់នៅតែម្នាក់ឯង ។ តាមប្រភពឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកអ៊ែប្លែក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1FA-6703 ត្រឡប់មកពីខាងក្រៅ តែមិនដឹងថា គាត់ជិះមកពីណាឡើយ ។ លុះជិះដល់មុខអគារខុនដូ គាត់ក៏ដួលម៉ូតូបាត់បង់ស្មារតីតែម្តង ។
ស្របពេលនោះ មានបុរសម្នាក់ជិះ PassAppឆ្លងកាត់ទីនោះឃើញ ក៏ឱ្យ PassApp ឈប់ ហើយដើរចុះទៅមើល ដោយព្យាយាមមដាស់ជនរងគ្រោះ តែគាត់មិនដឹងខ្លួនឡើយ លុះស្ទាបដង្ហើមទៅ ទើបដឹងថាគាត់បានស្លាប់ទៅហើយ ហើយបង្កការភ្ញាក់ផ្អើលតែម្តង ។ ក្រោយមក ក៏យកដំណឹងនេះ ទៅរាយការណ៍ជូនសមត្ថកិច្ចចុះមកអន្តរាគមន៍ ។
យ៉ាងណាមិញ ជាក់ស្តែង នៅកន្លែងកើតហេតុ សមត្ថកិច្ចមិនបានពិនិត្យអ្វីផ្សេងឡើយ លើសាកសពជនរងគ្រោះឡើយ ដោយគ្រាន់តែហ៊ុមព័ទ្ធខ្សែ ហើយពិនិត្យវត្ថុតាងផ្សេងៗនៅកន្លែងកើតហេតុ ពិសេសពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ។ ក្រោយការពិនិត្យរួចមក ឃើញថា ជនរងគ្រេាះពិតជាដួលស្លាប់ដោយខ្លួនឯងប្រាកដមែន ពំុមែនជាករណីឃាតកម្មនេាះឡើយ ។ សមត្ថកិច្ចមូលដ្ឋាន សម្រេចទំនាក់ទំនងទៅខាងរថយន្តសាមុយដឹកសាកសពជនរងគ្រេាះទៅរក្សាទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រង់ចាំជំនាញកោសល្យវិច័យបន្ត ។
ចែករំលែកព័តមាននេះ