ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃ១១ ខែតុលា ឆ្នាំ២០១៨នេះ ក្មេងឃ្វាលគោម្នាក់ បានឡើងលេងលើបង្គោលភ្លើង បណ្ដាលឲ្យឆក់ស្លាប់បានកើតឡើងស្ថិតនៅក្នុងភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ លោកវរសេនីយ៍ឯក ផល ធឿន អធិការនគរបាលស្រុក ប្រាសាទបល្ល័ង្ក ប្រាប់ថា ជនរងគ្រោះឈ្មោះ ផា ភ័ស្ដ ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិកើតហេតុ។
បើយោងតាមការបំភ្លឺរបស់ស្ត្រីឈ្មោះ យា មុត អាយុ៤០ឆ្នាំ ត្រូវជាម្ដាយបង្កើត កុមារារងគ្រោះនិយាយថា ជារៀងរាល់ថ្ងៃគាត់តែងតែប្រើកូនប្រុសទៅឃ្វាលគោនៅតំបន់ក្របីលាច នៅខាងលិចភូមិចម្ងាយប្រហែលជា ២គីឡូម៉ែត្រ ជាមួយនឹងក្មេងៗ ក្នុងភូមិជាប្រចាំ ហើយគាត់តែងតែបានឮគេប្រាប់គាត់ថា ក្រុមពួកក្មេងៗ ដែលទៅឃ្វាលគោនៅទីនោះ ពួកគេតែងតែឡើងលេងលើបង្គោលភ្លើងជាប្រចាំ នៅពេលឮគេនិយាយប្រាប់ដូច្នេះ រូបគាត់បានហាមកូនកុំឲ្យឡើងលេងទៀតប្រយ័ត្នឆក់ស្លាប់។
នៅមុនពេលថ្ងៃកើតហេតុ កូនប្រុសរបស់គាត់បានទៅឃ្វាលគោនៅតំបន់នោះដូចសព្វដង នៅម៉ោងប្រហែល១២ថ្ងៃត្រង់ ស្រាប់តែមានឈ្មោះ សូយ ចន្ថា ភេទប្រុស ជាប្រជាការពារភូមិខ្មាក់ បានទូរស័ព្ទប្រាប់គាត់ថា កូនមីងឯងឡើងលេងលើបង្គោលភ្លើង ឥឡូវវាត្រូវឆក់ស្លាប់បាត់ទៅហើយ ឮភ្លាមគាត់បានឲ្យប្ដីគាត់រត់ទៅមើលឃើញ ហើយក៏លើកបីយកសពកូនមកផ្ទះ។
ក្រោយពីទទួលបាន ព័ត៌មានភ្លាមកម្លាំងជំនាញស្រុកប្រាសាទបល្ល័ង្ក និងប៉ុស្ដិ៍នគរបាលសាលាវិស័យ សហការជាមួយរដ្ឋ អំណាចមូលដ្ឋានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពជនរងគ្រោះ មានស្នាមរលាកស្បែក និងរលាត់ស្បែកមួយចំហៀងខ្លួនផ្នែកខាងឆ្វេង។ តាមការស្រាវជ្រាវ ពិនិត្យវិភាគ កន្លែងកើតហេតុ អាចឲ្យយើងសន្និដ្ឋានបានថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសាឡើងលេងលើបង្គោលភ្លើង បណ្ដាលឲ្យឆក់ស្លាប់ប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ក៏បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ