ទីក្រុងបាងកក ៖ អ្នកដឹកនាំអាជីវកម្មក្នុងប្រទេសថៃបានឲ្យដឹងថា ការលូតលាស់សេដ្ឋ កិច្ចរបស់ប្រទេសនេះនៅឆមាសទី២ នឹងមានកម្រិតទាបជាងឆមាសទី១ ព្រោះតែការអន់ថយនៃការនាំចេញ និងវិស័យទេសចរណ៍ ខណៈដែលតម្លៃប្រេង និងប្រាក់បាតកើនឡើង ។
ជាមួយគ្នានេះផងដែរ គណៈកម្មាធិការអចិន្ត្រៃយ៍ពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារកិច្ច (JSCCIB) បាននិយាយថា ការតានតឹងឡើងនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន នឹងប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេសថៃទៀតផង ។
លោក Kalin Sarasin ប្រធានសភាពាណិជ្ជកម្មថៃបានឲ្យដឹងដែរថា ជម្លោះពាណិជ្ជកម្មនេះនឹងប៉ះពាល់ដល់ការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសថៃក្នុងឆ្នាំ២០១៩ ។ យោងតាមលោក Kalin បានឲ្យដឹងថា ជម្លោះនេះអាចនឹងកាត់បន្ថយការលូតលាស់GDP របស់ប្រទេសថៃប្រមាណពី០,៦%ទៅ០,៨%នៅឆ្នាំ២០១៩ខាងមុខ ។
លោក Kalin បានបន្ថែមទៀតថា ភ្ញៀវទេសចរក្នុងឆ្នាំនេះ នឹងចំណាយថវិកាច្រើនជាងមុន ព្រោះនាយកដ្ឋានប្រាក់ចំណូលបានបើកដំណើរការសាខាចំនួនបីកន្លែងទៀតនៅកណ្តាលក្រុងបាងកកសម្រាប់ឲ្យភ្ញៀវទេសចរទៅបើកសំណងពន្ធវិញ ។
កំណើនតម្លៃប្រេង និងកង្វល់ពីការដាក់ទណ្ឌកម្មអាមេរិកលើអុីរ៉ង់ ក៏ប៉ះពាល់ដល់ទស្សនវិស័យនៃការលូតលាស់របស់ប្រទេសថៃនៅឆមាសទី២នេះដែរ ។ កត្តាទាំងនេះអាចជះឥទ្ធិពលដល់តម្លៃប្រេងក្នុងស្រុក និងគោលនយោបាយរដ្ឋាភិបាលក្នុងការគ្រប់គ្រងតម្លៃប្រេង ។
លោក Kalin បាននិយាយថា ៖« ពួកយើងជឿជាក់ថាសេដ្ឋកិច្ចប្រទេសថៃរឹងមាំគ្រប់គ្រាន់ក្នុងការជំនះនឹងឥទ្ធិពលពីខាងក្រៅប្រទេសបាន »។
លោកបានបន្តថា ៖« គណៈកម្មាធិការជឿជាក់ថាការលូតលាស់GDPក្នុងឆ្នាំនេះនឹងមិនស្ថិតក្រោមអត្រា៤,៤%ទេ ព្រោះតែមានការជំរុញពីការចំណាយក្នុងស្រុក ការល្អប្រសើរឡើងនៃការវិនិយោគឯកជន និងការចំណាយរដ្ឋាភិបាលដែលជិតនឹងសម្រេចគោលដៅ»៕
ចែករំលែកព័តមាននេះ