ខេត្តត្បូងឃ្មុំ ៖ សូមឲ្យប្រធានច្រកទ្វេរភាគីចំនួន០៤កន្លែង ជាប់ប្រទេសវៀតណាមត្រូវតែមានវិធានការទប់ស្កាត់រាល់ទំនិញណាដែលត្រូវហាមឃាត់ និងទំនិញនាំចូលដោយមិនប្រក្រតីត្រូវទប់ស្កាត់ ហើយក៏មិនធ្វើបាបពលរដ្ឋដែលដឹកកសិផលទៅលក់នៅទីផ្សារព្រំដែនដែរ» នេះជាប្រសាសន៍របស់លោក លី ឡេង អភិបាលនៃគណៈអភិបាលខេត្តថ្លែងនៅរសៀលថ្ងៃទី០៣ តុលា ២០១៨ នៅសាលាស្រុកមេមត់ ក្នុងពិធីប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ទ្វេរភាគីនោះ។
លោក ចេង ប៊ុណ្ណារ៉ា អភិបាលស្រុកមេមត់បានគូសបញ្ជាក់ថា ស្រុកមេមត់មានច្រកទ្វារព្រំដែនសំខាន់ៗចំនួន០៦ច្រក គឺច្រកទ្វេរភាគីចំនួន០២ច្រក (ច្រកទ្វេរភាគីដារ និងច្រកទ្វេរភាគីទន្លេចាម) និងច្រកតំបន់ចំនួន០៤ច្រក គឺច្រកដូនរ័ត្ន ច្រកជាំក្រវៀន ច្រកចាន់មូល និងច្រកទន្លូង ។ ច្រកទ្វារទាំង០៦នេះជាដង្ហើមសេដ្ឋកិច្ឋសម្រាប់ផ្លាស់ប្តូរកសិផលរបស់បងប្អូនប្រជាពលរដ្ឋមិនត្រឹមតែស្រុកមេមត់ប៉ុណ្ណោះទេ នៅស្រុក និងខេត្តមួយចំនួនទៀតក៏បានដឹកកសិផលយកមកលក់នៅតាមច្រកទាំងនេះមានដំឡូងមី និងស្វាយចន្ទីជាដើម ។
លោកលី ឡេង អភិបាលនៃគណៈអភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា សម្រាប់អាណត្តិប្រធានច្រកនីមួយៗ គឺមានរយៈពេលតែចំនួនពីរឆ្នាំ និងត្រូវដល់ពេលកំណត់ត្រូវផ្លាស់ប្តូរ ដែលជាការធម្មតារបស់មន្ត្រីរាជការក្នុងនោះមានអ្នកសប្បាយ និងអ្នកមិនសប្បាយចិត្តដែលនឹងត្រូវផ្ទេរចេញនោះ ។ ហើយអ្នកដែលត្រូវចូលកាន់តំណែងថ្មីនេះធ្វើយ៉ាងណាត្រូវខិតខំបំពេញភារកិច្ចតាមច្រកនីមួយៗឲ្យបានល្អមិនត្រូវធ្វើបាបពលរដ្ឋដឹកកសិផលយកមកលក់នៅទីផ្សារព្រំដែនដែរ ។
លោកលី ឡេង អភិបាលខេត្តមានប្រសាសន៍បន្តថា អ្នកដឹកនាំប្រធានច្រកត្រូវតែបង្ហាញពីសមត្ថភាព និងទេពកោសល្យភាពឈា្លសវៃ ក្នុងការដោះស្រាយរាល់បញ្ហាដែលកើតឡើងមានតូចមានធំនោះ ហើយក៏មានចរិកដឹកនាំបែបទឹកសមុទ្រមានន័យថា «ធ្វើអ្វីមួយមិនស្កប់ស្កល់ចង់បានហើយចង់បានទៀត» ។
សូមកុំឲ្យមានជាដាច់ខាត ។ ត្រូវមានសាមគ្គីភាពជាមួយនឹងប្រទេសជិតខាងភូមិផងរបងជាមួយត្រូវទប់ស្កាត់នូវចរាចរណ៍ទំនិញឆ្លងដែនដោយខុសច្បាប់គ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៦ កញ្ញា ២០១៨ ដោយសម្តេចក្រឡាហោម ស ខេង ក្នុងនោះមាន៖ ទី១- លោកស្រ៊ុន ណាត ពីនាយករងទីចាត់ការធនធានមនុស្សសាលាខេត្តត្បូងឃ្មុំមកកាន់តំណែងប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនដូនរ័ត្ន ទី២- លោក អ៊ុំ ផាឡូត ពីប្រធានការិយាល័យរបៀប និងឯកសារនៃទីចាត់ការរដ្ឋបាលសាលាខេត្តត្បូងឃ្មុំឲ្យមកកាត់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនចាន់មូល ទី៣- លោក មួន សុភាព ពីប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈនៃទីចាត់ការអន្តរវិស័យសាលាខេត្តត្បូងឃ្មុំមកកាន់តំណែងជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេរភាគីដារ ទី៤- លោកភួង សុភា ឲ្យមកកាន់តំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនទន្លូង ៕
ចែករំលែកព័តមាននេះ