ទីក្រុងប៉េកាំង ៖ ក្រសួងហិរញ្ញវត្ថុបាននិយាយកាលពីថ្ងៃអាទិត្យកន្លងមកថា ប្រទេសចិននឹងកាត់បន្ថយពន្ធលើការនាំចូលផលិតផលឧស្សាហកម្មនិងវត្ថុធាតុដើមជាច្រើនចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ ខណៈដែលប្រទេសនេះបង្កើនការនាំចូលដើម្បីបើកទូលាយសេដ្ឋកិច្ចបន្ថែម ។
ពន្ធនេះត្រូវបានកាត់បន្ថយសម្រាប់ផលិតផលចំនួន១.៥៨៥ប្រភេទដែលរួមមានវាយនភ័ណ្ឌ លោហៈ ឧបករណ៍អេឡិចត្រូមេកានិក និងវត្ថុធាតុដើមជាច្រើនទៀត ។ ផលិតផលទាំងនេះស្មើ១៩%នៃការនាំចូលដែលគិតពន្ធសរុបរបស់ប្រទេសចិន និងមានអត្រាធ្លាក់ចុះពី ១០,៥% មក៧,៨%ជាមធ្យម ។
វាជាការកាត់បន្ថយបន្ថែមតាំងពីដើមឆ្នាំនេះដែលជាពេលរដ្ឋាភិបាលបានបន្ទាបពន្ធលើយានយន្ត ឱសថ និងផលិតផលសត្វចិញ្ចឹមដទៃទៀត ។ គោលនយោបាយថ្មីនេះ នឹងចាប់មានប្រសិទ្ធភាពនៅថ្ងៃទី១ ខែវិច្ឆិកាតទៅ ហើយពន្ធសម្រាប់គ្រប់ផលិតផលសរុបនឹងធ្លាក់ពីអត្រាមធ្យម៩,៨%នៅឆ្នាំ២០១៧ មក៧,៥%នៅឆ្នាំនេះ ។
ក្រសួងពាណិជ្ជកម្មមិនបានផ្តល់ព័ត៌មានលម្អិតថាតើការកាត់បន្ថយពន្ធនេះនឹងត្រូវបានអនុវត្តលើផលិតផលនាំចូលពីសហរដ្ឋអាមេរិកឬយ៉ាងណានោះទេ ខណៈដែលជម្លោះពាណិជ្ជកម្មកំពុងមានកំដៅយ៉ាងក្ដៅគគុកបែបនេះ ។
ក្រសួងនេះបានឲ្យដឹងថា ការកាត់បន្ថយពន្ធគឺជាជំហានមួយក្នុងការខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការបន្តការបើកទូលាយ និងការគាំទ្រដល់សកលភាវូបនីយកម្មសេដ្ឋកិច្ច ។ ប្រទេសចិននឹងតែងតែគាំទ្រដល់វិធានពាណិជ្ជកម្មសេរី និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយយោងទៅតាមវិធានរបស់អង្គការពាណិជ្ជកម្មពិភពលោក ។
ជាមួយគ្នានេះ លោក Liu Shangxi ប្រធានវិទ្យាស្ថាន Chinese Academy of Fiscal Sciences បានឲ្យដឹងថា ការបន្ថយពន្ធលើឧបករណ៍និងគ្រឿងឧបករណ៍អេឡិចត្រូមេកានិចមួយចំនួននឹងជួយដល់ការនាំចូលបច្ចេកវិទ្យា និងឧបករណ៍ទំនើបៗពីបរទេស បង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងសម្របសម្រួលដល់ដំណើរការអភិវឌ្ឍឧស្សាហកម្ម ។
លើសពីនេះទៅទៀត ការបន្ថយពន្ធលើវត្ថុធាតុដើមមួយចំនួនអាចកាត់បន្ថយការចំណាយលើការផលតនិងគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មដែលមិនប៉ះពាល់ដល់បរិស្ថានជាដើម ៕
ចែករំលែកព័តមាននេះ