ខេត្តព្រៃវែង ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ ក្នុងចំណោមបក្សពួក២នាក់ត្រូវបានប្រជាពលលរដ្ឋ និងសមត្ថកិច្ចសហការគ្នាស្ទាក់ចាប់បាន បន្ទាប់ពីពួកគេរួមគ្នាធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងដែលម្ចាស់គេចតលើចិញ្ចើមថ្នល់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ កញ្ញានេះ ។
ជនសង្ស័យជាចោរលួចម៉ូតូម្នាក់នេះមានឈ្មោះ ស ដាលាង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃសំឡាញ់ ឃុំសំរោង ស្រុកស្វាយអន្ទរ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចចាប់ក្របួច នៅចំណុចភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ។
ចំណែកម៉ូតូដែលក្រុមចោរបានលួចម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G, 2326 ជារបស់ជនរងគ្រោះឈ្មោះ អ៊ាច ជាង ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិឃុំខាងលើ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជាម្ចាស់ម៉ូតូ បានប្រើកូនស្រីឈ្មោះ អ៊ាច ធីម អាយុ១៣ឆ្នាំ ឲ្យជិះម៉ូតូទៅទិញទឹកកកនៅផ្ទះឈ្មោះ សាយ ថង ភេទប្រុស អាយុ៣៤ឆ្នាំ ដែលនៅក្នុងភូមិឃុំជាមួយគ្នា ពេលទៅដល់កន្លែងទិញទឹកកក កុមារី អ៊ាច ធីម បានឈប់ចតម៉ូតូនៅលើថ្នល់ ហើយដើរចូលទៅទិញទឹកកក ដោយមិនបានដកយកសោម៉ូតូទៅជាមួយនោះទេ ហើយភ្លាមៗនោះក្រុមចោរចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS -3374 ជិះមកដល់ឃើញម៉ូតូជនរងគ្រោះមានសោស្រាប់ ចោរម្នាក់ដែលជិះពីក្រោយឈ្មោះ កង សុភាព អាយុ៣០ឆ្នាំ បានចុះពីលើម៉ូតូរបស់គេ ហើយលួចយកម៉ូតូជនរងគ្រោះជិះចេញទៅទិសខាងជើងតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ពេលដែលក្រុមចោរលួចម៉ូតូបានហើយ ជិះចេញទៅក៏ត្រូវបានម្ចាស់ម៉ូតូឃើញ ហើយស្រែកឆោឡោហៅឲ្យគេជួយចាប់ចោរ និងបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីដេញតាមចាប់ចោរ ហើយនៅពេលឃើញមានអ្នកស្រុក និងសមត្ថកិច្ចដេញតាមពីក្រោយប្រផាប់ប្រភីង ធ្វើឲ្យចោរភ័យជិះរត់មកដល់ចុងភូមិត្បូងក្តី ចោរម្នាក់ឈ្មោះ ស ដាលាង បានដួលម៉ូតូ ហើយក៏ទុកម៉ូតូចោលរត់ទៅវាលស្រែ បន្ទាប់មកក៏ត្រូវបានប្រជាពលរដ្ឋចាប់គ្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ កង សុភាព បានជិះម៉ូតូដែលលួចបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងនីតិវិធី ដើម្បីឈានទៅរកការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចបានអះអាងថា ជនសង្ស័យនោះមិនអាចរត់គេចខ្លួនបានយូរនោះទេ ព្រោះសមត្ថកិច្ចបានស្គាល់ពីអត្តសញ្ញាណច្បាស់លាស់ហើយ ៕
ចែករំលែកព័តមាននេះ