ខេត្តព្រះសីហនុ ៖ នគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនបុរសអាមេរិកម្នាក់ ពាក់ព័ន្ធនឹងករណីចាប់រំលោភក្មេងស្រីជាអនីតិជនប្រព្រឹត្តនៅសហរដ្ឋអាមេរិក ហើយបានគេចមកលាក់ខ្លួននៅប្រទេសកម្ពុជា ។ ខំរត់គេចពីនាយសមុទ្រនឹកថា បានសុខ បានរួចខ្លួនហើយ…ដឹងអីមកជាប់អន្ទាក់នៅស្រុកខ្មែរទៅវិញ ពិតជាកម្មតាមចងពៀរមិនប្រណីមែន ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហាថា បុរសអាមេរិករូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែសីហា វេលាម៉ោង៨និង៣០នាទីយប់ ដោយមានការសម្របសម្រួលពីសំណាក់លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
លោកឧត្តមសេនីយ៍ឯក បន្តថា បុរសអាមេរិករូបនេះឈ្មោះ William David Brenner អាយុ៥៣ឆ្នាំ ត្រូវបានឃាត់ខ្លួននៅក្បែររង្វង់មូលតោពីរ ក្រុងព្រះសីហនុ តាមដីកាស្វែងរកចាប់ខ្លួនរបស់សហរដ្ឋអាមេរិក ពីបទរំលោភផ្លូវភេទលើកុមារ ។
លោក អុ៊ក ហៃសីឡា បញ្ជាក់ថា ប្រតិបត្តិការនេះក៏មានការសហការជាមួយការិយាល័យសន្តិសុខតំបន់របស់សហរដ្ឋអាមេរិក(RSO- Regional Security office) ប្រចាំស្ថានទូតអាមេរិក និងបានបញ្ជូនជនសង្ស័យទាំងយប់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកវិញ ៕
ចែករំលែកព័តមាននេះ