ខេត្តសៀមរាប ៖ ប៉ូលិសចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានធ្វើការចុះត្រួតពិនិត្យឈានដល់ធ្វើការឃាត់ម៉ូតូខុសបច្ចេកទេសចំនួន១៦៥គ្រឿងដូចជា មិនពាក់មួកសុវត្ថិភាព និង មិនដាក់កញ្ចក់ព្រមទាំងអ្នកបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង និងបំពាក់ភ្លើងឡាស៊ែនោះ គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ បន្តទៀត ដូចភ្លៀងរលឹមដើម្បីពិនិត្យណែនាំ និងតម្រូវឱ្យរៀបចំតាមលក្ខណៈដើមវិញព្រមទាំងធ្វើកិច្ចសន្យាណែនាំឱ្យម៉ូតូទៅម្ចាស់វិញ ចំណែកសម្ភារដែលកែច្នៃទាំងអស់នោះត្រូវយកមករក្សាទុកនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកដោយមិនប្រគល់ឱ្យម្ចាស់វិញនោះទេ ដែលមានទីតាំង ស្ថិតនៅពីខាងលិចស្ទឹងសៀមរាប មុខព្រះវិហារ ព្រះអង្គចេក ព្រអង្គចម ក្នុងភូមិសាស្ត្រ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទថា ដើម្បីទប់ស្កាត់អប់រំចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានឃាត់ម៉ូតូខុសលក្ខណៈបច្ចេកទេសបានចំនួន១៦៥គ្រឿង ព្រមទាំងបានធ្វើការពិនិត្យណែនាំ និងប្រគល់ជូនម្ចាស់ដើមវិញ ដោយធ្វើកិច្ចសន្យា ហើយយកសម្ភារដែលត្រូវផ្លាស់ប្ដូរមកបំពាក់ដូចរបស់ដើមវិញ ដោយដោះសម្ភារខុសលក្ខណៈបច្ចេកចេញរួចយកមករក្សាទុកនៅទីស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកដោយមិនប្រគល់ឱ្យម្ចាស់វិញនោះទេ ។
លោកវរសេនីយឯក ជឹម សុវណ្ណ មានប្រសាសន៍ទៀតថា ដែលរហូតមកទល់ពេលនេះសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តនៅតែបន្តពិនិត្យឃើញថា គឺមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់បានអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅឡើយទេ ចំពោះការធ្វើការចរាចរណ៍នៅតាមដងផ្លូវហើយអ្នកប្រើប្រាស់ទោចក្រក្រយានយន្ដមួយចំនួនមិនបានពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ ព្រមទាំងអ្នកបើកបរដោយប្រើប្រាស់ម៉ូតូ ដែលមានការកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំង និងបំពាក់ភ្លើងឡាស៊ែជាដើម ដែលខុសលក្ខណៈបច្ចេកទេស និងច្បាប់ហាមឃាត់ ៕
ចែករំលែកព័តមាននេះ