ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានធ្វើអត្តឃាតដោយចង.កបញ្ចប់ជីវិតខ្លួនឯងនៅធ្នឹមលើផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងប្រហែល៧ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នៅភូមិសឹង្ហលិច ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់ឈ្មោះឈួន តឿ ភេទប្រុស អាយុ២៧ឆ្នាំ នៅលីវ រស់នៅភូមិសឹង្ហលិច ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុ បុរសខាងលើបានដើរផឹកស៊ី បន្ទាប់មកក៏បានផឹកស៊ីពីផ្ទះមួយទៅផ្ទះមួយមិនអស់ចិត្តក៏បន្តទៅផឹកនៅកន្លែងបុណ្យសពក្នុងភូមិទៀត លុះដល់យប់រំលងអធ្រាត្រប្រហែលម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ទើបជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយក៏ត្រូវបានឪពុកម្តាយស្តីបន្ទោសឲ្យបន្តិចបន្តួចថា កុំសូវផឹកស៊ីពេក ។ លុះដល់ព្រឹកឪពុកបានឡើងទៅលើផ្ទះ ស្រាប់តែឃើញកូនប្រុសរបស់ខ្លួនបានចង.កស្លាប់បាត់ទៅហើយ ដោយយកខ្សែអង្រឹងប្រវែង២ម៉ែត្រ ចងជាប់នឹងធ្នឹមក្នុងផ្ទះកំពស់ប្រហែល២ម៉ែត្រ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសឹង្ហបានសហការជាមួយគ្រូពេទ្យ ចុះពិនិត្យសពរកឃើញថា ជនរងគ្រោះមិនមានស្នាកស្នាមអ្វីគួរឱ្យសង្ស័យនោះទេ គឺជនរងគ្រោះពិតជាចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែន ។ ក្រោយពីពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ