ខេត្តបាត់ដំបង ៖ តាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកបវេលបានរាយការណ៍ថា ប្រជាពលរដ្ឋយ៉ាងតិចពី៥០ទៅ៦០នាក់ ប្រដាប់ដោយកាំបិត ពូថៅបានប៉ះប្រយុទ្ធគ្នាយ៉ាងឃោរឃៅជាមួយកម្លាំងសមត្ថកិច្ចចម្រុះដែលបានចុះទៅការពារគ្រឿងចក្រធ្វើផ្លូវរបស់អាជ្ញាធរនៅតំបន់ដីសម្បទានសង្គមកិច្ចរបស់រដ្ឋដែលស្ថិតនៅតំបន់បឹងប្រាំ ក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល កាលពីព្រឹកថ្ងៃទី៦ ធ្នូ ។ តាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា ក្នុងការប៉ះទង្គិចគ្នានោះក្រុមប្រជាពលរដ្ឋបានរឹបអូសកាំភ្លើងវែង ខ្លីពីមន្ត្រីប៉េអឹមបានចំនួន៣ដើម និងវាយបំផ្លាញគ្រឿងចក្រ និងរថយន្តទៀតផង។
លោកឌី សារ៉េត អធិការរងស្រុកបវេលបានប្រាប់កោះសន្តិភាពថា ប្រជាពលរដ្ឋបានលើកគ្នាមករារាំងសមត្ថកិច្ចចម្រុះប្រហែលជាង២០នាក់ ដែលចុះទៅការពារគ្រឿងចក្ររបស់អាជ្ញាធរដែលកំពុងឈូសឆាយធ្វើផ្លូវទៅកាន់ដីសម្បទានសង្គមកិច្ចរបស់រដ្ឋមួយកន្លែងនៅតំបន់បឹងប្រាំនេះ។ ប្រជាពលរដ្ឋទាំងនោះបានចោទថា អាជ្ញាធរបានរំលោភយកដីរបស់ពួកគេ ហើយចាប់ផ្ដើមប្រទូស្តរ៉ាយជាមួយសមត្ថកិច្ចតែម្ដង ។
ក្រុមប្រជាពលរដ្ឋដែលមិនប្រាប់ឈ្មោះបាននិយាយតាមទូរស័ព្ទថា អាជ្ញាធរបានព្យាយាមឈូសឆាយយកដីរបស់ពួកគេនៅតំបន់នោះ ដែលកំពុងមានជម្លោះដោះស្រាយមិនទាន់ចប់នៅឡើយ។ ពួកគេបាននិយាយបែបអួតថា បានវាយរឹបអូសបានកាំភ្លើងវែង២ដើម និងកាំភ្លើងខ្លី១ដើមពីកម្លាំងប៉េអឹម ហើយថែមទាំងកាន់កាប់គ្រឿងចក្របានប៉ុន្មានម៉ោងទៀតផង។
ប្រភពពីសាក្សីថា ពេលប្រទូស្តរ៉ាយគ្នានេះគេបានឮស្នូរផ្ទុះកាំភ្លើងជាច្រើនគ្រាប់ ហើយមានមនុស្សរងរបួសមួយចំនួនដែលក្នុងនោះក៏មានសមត្ថកិច្ចផងដែរ។ លោកឌី សារ៉េត អធិការរងដដែលបានបញ្ជាក់ដែរថា កម្លាំងប៉េអឹមពិតជាបានបាត់បង់អាវុធមែនដោយសារសមត្ថកិច្ចបានអត់ធ្មត់បំផុតចំពោះទង្វើដ៏ព្រៃផ្សៃនេះ។ លោកអធិការរងបានបន្ថែមថា ពេលនេះកម្លាំងចម្រុះកំពុងស្ថិតនៅតំបន់ជម្លោះនេះនៅឡើយ។ ដោយឡែកក្រុមប្រជាពលរដ្ឋបានដកថយវិញហើយ ក្រោយពីវាយបំផ្លាញគ្រឿងចក្រ២គ្រឿង រថយន្ត១គ្រឿង និងរឹបអូសបានកាំភ្លើងវែងខ្លី៣ដើមពីកម្លាំងប៉េអឹម ហើយពេលនេះយើងកំពុងរង់ចាំផែនការថ្នាក់លើដើម្បីដោះស្រាយបញ្ហានេះបន្តទៀត៕
ចែករំលែកព័តមាននេះ