ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កម្លាំងនគរបាលខេត្តបាត់ដំបងបានសហការជាមួយកម្លាំងសមត្ថកិច្ចថៃចាប់ខ្លួនជនសង្ស័យ២នាក់ជាប់ព័ន្ធនឹងករណីឃាតកម្មដោយចេតនា
(បាញ់សំលាប់) ហើយភាគីថៃបានប្រគល់ជនសង្ស័យទាំង២នាក់នេះមកឱ្យសមត្ថកិច្ចខេត្តបាត់ដំបងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ជនសង្ស័យទាំង២នាក់ដែលត្រូវភាគីថៃចាប់ប្រគល់មកវិញ រួមមាន ម្នាក់ឈ្មោះ ប៊ុន ពន្លក ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតពេទ្យ មានស្រុកកំណើតភូមិត្រោក ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ ហួត វាសនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិគ្រើស ឃុំ
អង្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅពេលដែលឃាត់ខ្លួនជនសង្ស័យ២នាក់ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តបាត់ដំបង និងសមត្ថកិច្ចថៃនៅច្រកទ្វារអន្តរជាតិខ្លងលឹកស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវប្រទេសថៃ ។ សមត្ថកិច្ចថៃបានចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅខេត្តចាន់បុរី។
តាមព័ត៌មានទទួលបានគឺជនសង្ស័យ២នាក់នេះត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្មដោយចេតនា
(បាញ់សំលាប់) ដែលប្រព្រឹត្តកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលអន្ទង់ស ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យទាំង២នាក់នេះបានរត់គេចខ្លួនទៅប្រទេសថៃ ។
ក្រោយពេលកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារួចមក លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តបាត់ដំបង បានដឹកនាំកម្លាំងជំនាញសហការជាមួយសមត្ថកិច្ចថៃតាមចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះបាន និងបញ្ជូនមកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីឱ្យសមត្ថកិច្ចខេត្តបាត់ដំបងចាត់ការតាមច្បាប់ ។ ព័ត៌មាន
លម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ