រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទអ្នកដំណើរតាមផ្លូវនៅក្នុងភូមិសាស្ត្រសង្កាត់កាកាប និងសង្កាត់ចោមចៅចំនួន៤លើក ហើយបានសម្រេចជាបន្តបន្ទាប់ចំនួន៣លើក និងគេចខ្លួនបាត់ដោយសុវត្ថិភាព ប៉ុន្តែក្រោយមកត្រូវអស់លក្ខណ៍ដោយសារកម្លាំងនគរបាលប៉ុស្តិ៍ទាំង២សង្កាត់ខាងលើ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា និងឈានដល់ការចាប់ខ្លួនជនសង្ស័យបានទាំង២នាក់។
ការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៤ សីហា ឆ្នាំ២០១៨ នៅចំណុចភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ខាងលើម្នាក់ឈ្មោះ ឈឹម សុខាវ ហៅអាខាវ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ សុខ សារិន ហៅអាជ្រឹង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់នេះ មានទីលំនៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្នុងការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ នគរបាលដកហូតបានម៉ូតូចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ ១HC-៩៥៧៦ ដែលជាកម្មសិទ្ធិរបស់ជនសង្ស័យឈ្មោះសុខ សារិន និងម៉ូតូ១គ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ ១CF-១២៩៥ ដែលជាកម្មសិទ្ធិរបស់ជនសង្ស័យឈ្មោះ ឈឹម សុខាវ ។
នគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះគឺជាមុខសញ្ញាឆក់យ៉ាងសកម្ម ក្នុងនោះនៅភូមិសាស្ត្រសង្កាត់កាកាប១ ធ្វើសកម្មភាពចំនួន៣លើកប៉ុន្តែបានសម្រេច២លើក និងមិនសម្រេច១លើក និងនៅសង្កាត់ចោមចៅ១លើក ហើយកន្លងមកក្រោយពេលធ្វើសកម្មភាពបានសម្រេចរួចហើយ តែងតែជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាពជាបន្តបន្ទាប់ ។ លុះពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញារហូតឈានដល់ការចាប់ខ្លួនបាននាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។
ប្រភពដដែលបានបន្តថា ក្រោយពេលចាប់ខ្លួនសួរនាំ ជនសង្ស័យបានសារភាពថា ពួកខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទបានចំនួន៤លើក ក្នុងនោះលើកទី១-នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីល្ងាច នៅតាមផ្លូវត្រង់ចំណុចផ្សារតាំងកសាងខាងត្បូង ហៅផ្សារកណ្ដាល ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ធ្វើសកម្មភាពឆក់បានទូរស័ព្ទចំនួន១គ្រឿង ម៉ាកអូប៉ូ (OPPO) យកទៅលក់បានលុយចំនួន៦០ដុល្លារ។ លើកទី២-នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច នៅតាមផ្លូវក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ធ្វើសកម្មភាពឆក់បានទូរស័ព្ទដៃ ម៉ាកអាយហ្វូន១គ្រឿង រួចយកទៅលក់បានលុយចំនួន១២០ដុល្លារ ។
លើកទី៣-នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចក្បែររង្វង់មូលថ្នល់បំបែកចោមចៅ ដោយឆក់បានទូរស័ព្ទដៃ១គ្រឿងម៉ាកសាំស៊ុង ហើយយកទៅលក់បានលុយចំនួន៦០ដុល្លារ និងលើកទី៤-នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ នៅតាមផ្លូវក្នុងភូមិតា
ងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងដែរ ប៉ុន្តែមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ។
ពេលនេះ នគរបាលបានសាកសួរជនសង្ស័យទាំងពីរនាក់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ