ប្រទេសហ្ស៊ីមបាវេ ៖ លោក EMMERSON MNANGAGWA អតីតដៃស្ដាំរបស់លោករ៉ូប៊ែតមូហ្គាបេ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីហ្ស៊ីមបាវេ តាំងពីការបោះឆ្នោតជុំទីមួយ ដែលនោះជាជ័យជម្នះត្រូវបានពួកប្រឆាំងបដិសេធភ្លាមៗ កាលពីថ្ងៃទី៣ សីហា ញ៉ាំងឲ្យមានការបារម្ភដល់ភាពតានតឹងថ្មីៗក្នុងប្រទេសមួយដែលស្ថិតក្រោមការត្រួតត្រារបស់កងយោធា។
លោក EMMERSON MNANGAGWA ដែលដឹកនាំហ្ស៊ីមបាវេ ចាប់តាំងពីការផ្ដួលរំលំលោករ៉ូប៊ែតមូហ្គាបេ កាលពីខែវិច្ឆិកា ក្រោយការកាន់អំណាចរយៈពេល៣៧ឆ្នាំ ទទួលបានសំឡេង៥០,៨% ទល់នឹង៤៤,៣%សម្រាប់គូប្រជែងសំខាន់លោក NELSON CHAMISA។
លោក EMMERSON MNANGAGWA អាយុ៧៥ឆ្នាំ បានសម្ដែងការអបអរសាទរចំពោះជ័យជម្នះនោះដែលលោកថា ជាការបោះជំហានថ្មី ហើយលោកអំពាវនាវឲ្យមានឯកភាពជាតិ ដើម្បីកសាងប្រទេសហ្ស៊ីមបាវេថ្មីមួយសម្រាប់ទាំងអស់គ្នា។
ចាប់តាំងពីទទួលបានឯករាជ្យពីឆ្នាំ១៩៨០មក ប្រទេសហ្ស៊ីមបាវេមានប្រធានាធិបតីតែ២រូបដែលសុទ្ធតែចេញមកពីគណបក្ស ZANU-PF គឺលោករ៉ូប៊ែតមូហ្គាបេ ដែលដឹកនាំប្រទេសក្នុងកណ្ដាប់ដៃដែករយៈពេល៣៧ឆ្នាំ និងលោក EMMERSON MNANGAGWA ឡើងកាន់អំណាចក្រោយរដ្ឋប្រហារយោធាមួយ។
ក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោតនាយប់ថ្ងៃទី២ មកទី៣ សីហា តាមដងវិថីនានានៃរដ្ឋធានីហារ៉ារេ និងនៃទីក្រុងបាឡាវ៉ាយូ មូលដ្ឋានរបស់ពួកប្រឆាំង មានសភាពស្ងាត់ជ្រងំ។ កងយោធាត្រូវបានដាក់ពង្រាយនៅទីក្រុងហារ៉ារេ ។
កាលពីថ្ងៃទី១ សីហា រដ្ឋាភិបាលបានព្រមានថា នឹងមិនអត់អោនដល់ការតវ៉ាណាមួយឡើយ ក្រោយការស្លាប់មនុស្ស៦នាក់ នាឱកាសនៃបាតុកម្មមួយរបស់ពួកប្រឆាំងដែលត្រូវបង្ក្រាបដោយកងយោធា។ ហើយពួកបាតុករបានបរិហារពីការក្លែងបន្លំក្នុងដំណើរការបោះឆ្នោត។
កងកម្លាំងប៉ូលិសកាលពីថ្ងៃទី២ សីហា បានឡោមព័ទ្ធទីស្នាក់ការរបស់គណបក្សប្រឆាំងចលនា ដើម្បីការផ្លាស់ប្ដូរប្រជាធិបតេយ្យ MDC ហើយលុកចូលក្នុងទីស្នាក់ការនេះនាទីក្រុងហារ៉ារេ ព្រមទាំងចាប់ខ្លួនមនុស្ស១៦នាក់។ រីឯប៉ូលិសលុកចូលក្នុងការិយាល័យពួកប្រឆាំងជាមួយដីកាឆែកឆេរ និងរឹបអូស។ ហើយប៉ូលិសចង់ប្រមូលយកកុំព្យូទ័រទាំងឡាយ។
មុនប្រកាសពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី គណៈកម្មាធិការបោះឆ្នោតបានប្រកាសរួចហើយ លទ្ធផលនៃការបោះឆ្នោតសភាដែលធ្វើដំណាលគ្នាដោយគណបក្សកាន់អំណាចទទួលបានកៅអី២ភាគ៣ ក្នុងសភា៕
ចែករំលែកព័តមាននេះ