រាជធានីភ្នំពេញ ៖ បុរសម្នាក់កំពុងឈរនិយាយទូរស័ព្ទនៅលើចិញ្ចើមផ្លូវក៏ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ តែមិនបានសម្រេចក៏ត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខហាងលក់មាសមួយកន្លែង តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ គ្រី សុភក្រ័ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខJ៦១ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសម្នាក់កំពុងឈរនិយាយទូរស័ព្ទនៅលើចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុខាងលើតែម្នាក់ឯង មួយសន្ទុះក្រោយមកក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើ រួមទាំងបក្សពួកបីនាក់ទៀតជិះម៉ូតូពីរគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GZ-២៩៦៧ និងពីរនាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម មិនចាំស្លាកលេខ ដោយជិះម៉ូតូតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យខាងលើក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសខាងលើនោះ តែមិនបានសម្រេច។
តាមប្រភពព័ត៌មានបានបន្តទៀតថា ភ្លាមៗនោះបុរសរងគ្រោះក៏ស្រែកចោរៗ បង្កអោយមានការភ្ញាក់ផ្អើល ហើយក្រុមជនសង្ស័យភ័យស្លន់ស្លោបានព្យាយាមជិះម៉ូតូរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះទាញកៅអីគប់ទៅលើម៉ូតូរបស់ជនសង្ស័យបណ្តាលអោយដួល ក៏ត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ ចំណែកបក្ខពួកបីនាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ចំណែកឯបុរសរងគ្រោះបានចាកចេញពីកន្លែងកើតហេតុបាត់ ដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចនោះទេ។
ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋ
បាលទឹកល្អក់ទី១ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំការចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ