ភ្នំថាំហ្លួង (រូងស្តេច) នៅក្នុងខេត្តឈៀងរ៉ៃកំពុងក្លាយជាភ្នំមានបារមីមួយ ដែលខណៈនេះ ក្រៅពីការរុករកក្នុងរូងភ្នំ ការបួងសួងរបស់ថ្នាក់ដឹកនាំក្រុមជួយសង្គ្រោះ ដែលសុទ្ធសឹងជាថ្នាក់រដ្ឋមន្ត្រី បានធ្វើពិធីបួងសួងបែបសាសនាមួយ ដើម្បីសុំបើកផ្លូវទៅរកអ្នកទាំង១៣នាក់ដែលបាត់ខ្លួន ។
ពិធីតាមបែប «អាណាចក្រឡានណា» នេះ ដឹកនាំធ្វើដោយព្រះគ្រូបាប៊ុនឈុំ ដែលជាព្រះសង្ឃដ៏ល្បីល្បាញខាងធ្វើវិបស្សនានៅតាមរូងភ្នំ និងជាទីសក្ការៈរបស់ប្រជាពលរដ្ឋទាំង៣ប្រទេសគឺថៃ ភូមា និងឡាវ។ ព្រះគ្រូបាប៊ុនឈុំ កំពុងចាំវស្សានៅវត្តមួយក្នុងរដ្ឋសាន ប្រទេសភូមា ។
ហេតុដែលគេចាំបាច់ត្រូវតែនិមន្តព្រះគ្រូអង្គនេះ មកធ្វើដោយផ្ទាល់ដូច្នេះ ព្រោះថា កាលពី២ថ្ងៃមុន មានស្ត្រីម្នាក់យល់សប្តិឃើញព្រះនាងម្ចាស់ភ្នំ(នាងដេក)មកប្រាប់ថា ព្រះនាងចង់ជួបនឹងព្រះគ្រូបាប៊ុនឈុំ ព្រោះព្រះនាងបានរង់ចាំព្រះគ្រូអស់៣០០ឆ្នាំមកហើយ ។ នៅពេលដែលព្រះនាងបានសម្រេចបំណងហើយ ព្រះនាងនឹងដោះលែងអ្នកទាំង១៣នាក់នោះមកវិញ។ ព្រះគ្រូបាប៊ុនឈុំ ធ្លាប់មានថេរដីកាថា អតីតជាតិរបស់ព្រះអង្គគឺជាអ្នកមើលថែ និងចិញ្ចឹមសេះ ដែលស៊ីសង្វាក់គ្នាជាមួយនឹងរឿងនិទានទាក់ទងនឹងប្រវត្តិភ្នំ និងរូងភ្នំថាំហ្លួង ។
ក្រោយពីប្រារព្ធពិធីបួងសួងចប់សព្វគ្រប់ ព្រះគ្រូបាប៊ុនឈុំ មានថេរដីកាថា នៅរយៈពេលថ្ងៃទៀតយ៉ាងយូរ នឹងរកអ្នកទាំង១៣នាក់ឃើញហើយ ហើយអ្នកទាំង១៣នាក់នោះមានសុវត្ថិភាពទេ ។
ចែករំលែកព័តមាននេះ