រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៨នេះបានថ្លែងថា សភាពការណ៍នយោបាយលើពិភពលោកមានការប្រែប្រួល ហើយសូម្បីតែរឿងកីឡាបាល់ទាត់ក៏មានប្រែប្រួលគួរឲ្យកត់សម្គាល់ផងដែរ រហូតសម្តេចថ្លែងរបៀបលេងសើចថា អ្នកដែលចាក់យកជើងខ្លាំងខាងបាល់ទាត់អាល្លឺម៉ង់ និងអាហ្សង់ទីន គឺស៊ីសៀង អស់ហើយ សម្រាប់រដូវកាល World Cup នេះ ។
សម្តេចសាកសួរទៅមន្ត្រីដែលបានចូលរួមនៅឯកម្មវិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣,២៣៣នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញថា ៖ «យប់មិញពីអ្នកណាខ្លះយកអាហ្សង់ទីន0x017d7» បន្ទាប់មកសម្តេចក៏បញ្ជាក់ថា ត្រឹមតែសួរប៉ុណ្ណឹង គឺអាចដឹងបានហើយថា អ្នកណាខ្លះនៅអង្គុយមើលរហូតដល់ម៉ោង៣ភ្លឺយប់មិញនេះ សម្រាប់ការប្រកួតរវាងអាហ្សង់ទីន ដែលមានកំពូលកីឡាករ Messi និងក្រុមជម្រើសជាតិក្រូអាត ។
សម្តេចតេជោថ្លែងថា៖ «អ្នកដែលចាក់អាល្លឺម៉ង់ ក៏ស៊ីសៀង ។ អ្នកដែលចាក់អាហ្សង់ទីនក៏ស៊ីសៀង ។ ឥឡូវនឹងពិភពលោកមិនមែនតែប្រែប្រួលភូមិសាស្ត្រខាងនយោយបាយទេ សូម្បីតែបាល់ទាត់ក៏ប្រែប្រួលអស់ហើយ ។ អ៊ីតាលីដែលជាជើងខ្លាំងនៅអឺរ៉ុបគ្មានកៅអីមួយ សម្រាប់ទៅចូល World Cup នឹងគេទេ ហើយវាបែរជាអាល្លឺម៉ង់ទៅចាញ់មិកស៊ិក ។ ហើយរឿងដែលវាមិនសម គឺរឿងអាហ្សង់ទីនចាញ់ក្រូអាត ។ ហើយចាញ់នោះអាសូរតែចាញ់តិចតួចចាញ់៣-០ វាច្រើន ។ ភូមិសាស្ត្រនយោបាយប្រែប្រួល ភូមិសាស្ត្របាល់ក៏ប្រែប្រួល»៕
ចែករំលែកព័តមាននេះ