ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថចាប់រថយន្ត១គ្រឿង និងជនសង្ស័យ២នាក់ រួមនឹងវត្ថុតាងកេតាមីនចំនួន២៥០ដប និងខេទឹកកក២កូនថង់តូច កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចស្ពានតាផាន់ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនទាំង២នាក់រួមមាន១-ឈ្មោះ ឡាយ ទិត្យសីហា ភេទប្រុស អាយុ២៨ឆ្នាំ ជាម្ចាស់ថ្នាំ រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង២-ឈ្មោះ ឌឿម មីនា ភេទប្រុស អាយុ២២ឆ្នាំ ជាម្ចាស់រថយន្ត រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅពេលកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដែលមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានវិធានការពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវ និងដេញតាមរថយន្តមួយគ្រឿងពីបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី រហូតចាប់បាននៅចំណុចស្ពានតាផាន់ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ហើយឃាត់បានរថយន្ត១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-៤៤៣២ និងជនសង្ស័យចំនួន២នាក់ ព្រមទាំងរឹបអូសវត្ថុតាងរួមមានថ្នាំដបកេតាមីនចំនួន២៥០ដប ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅខេទឹកកកចំនួន២កូនថង់តូច ទូរស័ព្ទដៃចំនួន៤គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក ប័ណ្ណបើកបរ១សន្លឹក កាតគ្រីរថយន្ត១សន្លឹក និងប័ណ្ណធនាគារ១សន្លឹក។
លោកបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងកងរាជអាវុធហត្ថបាននាំយកមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ហើយធ្វើការឆែកឆេររថយន្ត និងធ្វើការសាកសួរចម្លើយជំហ៊ានដំបូងទៅលើជនសង្ស័យឈ្មោះ ឡាយ ទិត្យសីហា បានសារភាពថា ថ្នាំនេះខ្លួនបានទទួលពីស្ត្រីម្នាក់នៅខេត្តបាត់ដំបងយកទៅក្រុងប៉ោយប៉ែត ចំណែកឈ្មោះ ឌឿម មិនា បានសារភាពថា ខ្លួនជាអ្នករត់តាក់ស៊ីដែលឈ្មោះ ឡាយ ទិត្យសីហា ម៉ៅរថយន្តជិះម្នាក់ឯកពីខេត្តបាត់ដំបង ទៅក្រុងប៉ោយប៉ែតក្នុងតំលៃ១២ម៉ឺនរៀល។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនសង្ស័យទាំង២នាក់ និងផ្អែកតាមចម្លើយសារភាព រួមទាំងមានវត្ថុតាងជាក់ស្តែង កម្លាំងជំនាញរបស់កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ហើយកម្លាំងជំនាញនឹងកំពុងបន្តស្រាវជ្រាវមុខសញ្ញាចាប់បក្ខពួកបន្តទៀត៕
ចែករំលែកព័តមាននេះ