ឯកឧត្ត ម៉ែន វិបុល ជួបពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានពាណិជ្ជកម្មខេត្តសានដុង
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទីពុធ ០៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា…
ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទីពុធ ០៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា…
ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទីពុធ ០៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅបន្ទប់ VIP សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបពិភាក្សាការងារ និងសម្ដែងគួរសមជាមួយប្រតិភូអគ្គនាយកដ្ឋានពាណិជ្ជកម្មខេត្តសានដុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Zhang Xing Cheng អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មខេត្តសានដុង។ នៅក្នុងជំនួបពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត ប្រតិភូខេត្តសានដុង រួមនឹងតំណាងអ្នកវិនិយោគ ខេត្តសានដុងដែលកំពុងដំណើរការវិនិយោគក្នុងទឹកដីនៃខេត្តស្វាយរៀង។ ក្នងឱកាសនោះ លោក Zhang Xing Cheng អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម ខេត្តសានដុង បានជម្រាបជូនពីគោលបំណង ដែលគណៈប្រតិភូរបស់លោកអញ្ជើញមកខេត្តស្វាយរៀង គឺចុះមកសិក្សាស្វែងយល់ពីសក្ដានុពលរបស់ ខេត្តស្វាយរៀង ដើម្បីធ្វើការជំរុញវិនិយោគិនខេត្តសានដុងមកវិនិយោគឲ្យបានកាន់តែច្រើនថែមទៀត នៅក្នុងភូមិសាស្ត្រខេត្ត។ ជាមួយនេះ លោកអគ្គនាយក ក៏បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរខេត្ត ជាពិសេសឯកឧត្ដមអភិបាលខេត្ត ដែលតែងតែផ្ដល់នូវភាពកក់ក្ដៅ តាមរយៈការជួយសម្របសម្រួល សហការ និងគាំទ្រនូវរាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនមកពីខេត្តសានដុង ព្រមទាំងបានសំណូមពរ ឲ្យអាជ្ញាធរខេត្តបន្តជួយការពារ ផ្ដល់នូវភាពកក់ក្ដៅ និងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន របស់ខេត្តសានដុង។ ហើយលោកសង្ឃឹមថានៅពេលខាងមុខនេះ តាមរយៈទំនាក់ទំនង និងសកម្មភាពដ៏ល្អប្រសើរនេះ នឹងជួយជំរុញឲ្យអ្នកវិនិយោគខេត្តសានដុង ក៏ដូចជាអ្នកវិនិយោគចិន មកវិនិយោគកាន់តែច្រើននៅក្នុងទឹកដី នៃខេត្តស្វាយរៀង។ មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្ដមអភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពទូទៅ និងសក្ដានុពលសំខាន់ៗរបស់ខេត្តស្វាយរៀង ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះគណៈប្រតិភូអគ្គនាយកដ្ឋានពាណិជ្ជកម្មខេត្តសានដុង ដែលមានការចាប់អារម្មណ៍ និងមកបំពេញទស្សនកិច្ចក្នុងទឹកដីនៃខេត្តស្វាយរៀង។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្ត សូមស្វាគមន៍ គាំទ្រ និងសម្របសម្រួលសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង និងគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគទាំងអស់ ដែលមានបំណងចង់មកវិនិយោគក្នុងទឹកដីនៃខេត្តស្វាយរៀង រួមទាំងអ្នកវិនិយោគមកពីប្រទេសចិន ផងដែរ។ តាមរយៈការបំពេញទស្សនកិច្ចនេះ ឯកឧត្ដមអភិបាលខេត្ត ក៏មានសេចក្ដីសង្ឃឹមជឿជាក់ថា នឹងអាចជួយជំរុញឲ្យសកម្មភាពវិនិយោគនៅក្នុងខេត្តស្វាយរៀងកាន់តែមានកំណើនច្រើនឡើងថែមទៀត ជាពិសេសការវិនិយោគរបស់ពាណិជ្ជករមកពីខេត្តសានដុង ហើយអាជ្ញាធរខេត្តគឺត្រៀមទទួលស្វាគមន៍ ដោយក្ដីរីករាយ៕
ចែករំលែកព័តមាននេះ