ខេត្តព្រះសីហនុ ៖ ក្រោយពីមានការវាយកាប់ចាក់គ្នាទាំងកណ្តាលថ្ងៃត្រង់ លោកឧត្តមសេនីយ៍ទោ ជួន ណា
រិន្ទ បានបញ្ជាកម្លាំងបង្ក្រាបបានភ្លាមៗ ជនជាតិចិនមួយក្រុមចំនួន១១នាក់ ដែលព្រួតគ្នាប្រើអំពើហិង្សាទៅលើជនជាតិចិនដូចគ្នា(ជនរងគ្រោះ)ចំនួន២នាក់ នៅចំណុចញូហ្គោលដេនវេលស៍កាស៊ីណូ មុខភោជនីយដ្ឋានសាន្តសាន្ត ក្នុងសង្កាត់លេខ៤ ក្រោយបក្ខពួកជនសង្ស័យចាប់ជនរងគ្រោះទាំង២នាក់វាយធ្វើបាប រួចហើយចាប់ដាក់ក្នុងរថយន្តបម្រុងដឹកចេញទៅក្រៅក្រុង តែត្រូវប៉ូលិសចេញប្រតិបត្តិការបង្ក្រាបបាននៅផ្លូវអូរ១ កាលពីម៉ោង១រសៀលថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០១៨។
លោកវរៈសេនីយ៍ឯក ស៊ុត សំអុន នាយការិយាល័យព្រហ្មទណ្ឌកំរឹតស្រាលបានឲ្យដឹងថា ក្រោយពីបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស្រាវជ្រាវរកដើមហេតុ និងបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់។
ករណីនេះប៉ូលិសអះអាងថា ជនបរទេសរូបណាដែលគោរពច្បាប់ អាជ្ញាធរនិងសមត្ថកិច្ចជួយការពារតាមផ្លូវច្បាប់ ប៉ុន្តែជនបរទេសរូបណាក៏ដោយដែលប្រព្រឹត្តអំពើល្មើសច្បាប់ណាមួយ អាជ្ញាធរនិងសមត្ថកិច្ច មិនលើកលែងនោះឡើយ។ បច្ចុប្បន្នជនសង្ស័យទាំងអស់សមត្ថកិច្ចកំពុងសាកសួនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕
ចែករំលែកព័តមាននេះ