រាជធានីភ្នំពេញ ៖ រថយន្តដឹកគ្រឿងសំណង់១គ្រឿង ក្នុងខណៈដែលកំពុងបើកបរក្នុងល្បឿនលឿន ស្រាប់តែបានរេចង្កូតចុះឡើងៗញេញផ្លូវដោយមិនដឹងមូលហេតុ បន្ទាប់មកក៏បានធ្លាក់ផ្លូវរួចក៏ក្រឡាប់ ផ្ងារជើងទ្រមេឃតែម្ដង។ ដែលជាហេតុបង្កឲ្យអ្នកបើកបររួមជាមួយអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានអ្នកភូមិបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ។ ឧប្បត្តិហេតុខាងលើបានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើកំណាត់ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្ត១គ្រឿងនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-4812 បើកបរដោយបុរសម្នាក់ឈ្មោះ ថៃ ផាណា អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានរងរបួសធ្ងន់។ ដោយឡែកអ្នករួមដំណើរជាមួយ២នាក់ទៀតរងរបួសធ្ងន់ដែរ និងមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។ តាមប្រព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តនោះបានដឹកគ្រឿងសំណង់ បើកបរធ្វើដំណើរតាមក្នុងទិសដៅ ពីលិចទៅកើតក្នុងល្បឿនលឿន និងក្នុងស្ថានភាពរេចុះឡើងៗពេញផ្លូវដោយមិនដឹងមូលហេតុ ថែមទៀតផង។
បន្ទាប់មកស្រាប់តែរេចង្កូតធ្លាក់ផ្លូវរួចក៏ក្រឡាប់ផ្ងារជើងទ្រមេឃដូចសត្វត្រដៀវវ៉ិច បណ្ដាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់ ដោយគាបជាប់ក្នុងរថយន្ត។ ក្នុងនោះមានបុរសអ្នកបើកររថយន្ត រួមនឹងអ្នករួមដំណើរ២នាក់ទៀតផងដែរ ខណៈនោះប្រជាពលរដ្ឋបាននាំគ្នាគាស់យកអ្នករងគ្រោះ ទាំងនោះចេញ រួចហៅរថយន្តពេទ្យទៅដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗដែរ។ ចំណែកនគរបាលចរាចរណ៍ខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែង និងស្ទូចរថយន្តនោះនាំទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង ព្រោះឧប្បត្តិហេតុនេះ បានបង្កឲ្យមានមនុស្សរងរបួស៕
https://youtu.be/hg5rP7arLNA
ចែករំលែកព័តមាននេះ