ខេត្តប៉ៃលិន ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញយុវជនភាគច្រើនកំពុងវក់នឹងការប្រើប្រាស់គ្រឿងញៀន ដោយសារតែមិនស្តាប់បង្គាប់ឪពុកម្តាយ និងចាញ់ការលួងលោមមិត្តភក្តិ អូសទាញ ជាក់ស្តែងមានយុវជនម្នាក់ ត្រូវ កម្លាំងនគរបាលចុះចាប់ឃាត់ខ្លួន ខណៈរូបគេប្រើប្រាស់ និងលក់ដូរបន្តឱ្យអ្នកដទៃ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី៩ មិថុនា ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
បើតាមនគរបាលឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ដា លីន ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិកោះ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បច្ចុប្បន្នមកស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ហើយដកហូតបានថ្នាំញៀនម្សៅក្រាមពណ៌សថ្លា (ICE) ១កញ្ចប់តូច ។
ប្រភពបន្តទៀតថា កើតហេតុគេឃើញយុវជននេះដើរជាមួយមិត្តជាកម្មករសំណង់ដូចគ្នា លុះយូរៗទៅ ស្រាប់តែត្រូវគេអូសទាញឱ្យសាកល្បងប្រើប្រាស់ជាមួយគ្នា បន្ទាប់ពីប្រើមកក្លាយទៅជាញៀនរហូតមកដល់ពេលនេះរូបគេប្រើប្រាស់ខ្លួនឯងផង និងយកទៅលក់ដូរឱ្យមិត្តភក្តិថែមទៀត ទើបមានការរាយការណ៍ពីប្រជាពលរដ្ឋឱ្យចុះទៅធ្វើការឃាត់ខ្លួនតែម្តង ។
ចំណែកប្រជាពលរដ្ឋក្នុងភូមិពិតជាព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរស់នៅរាល់ថ្ងៃ ដោយខ្លាចក្រែងកូនចៅធ្លាក់ខ្លួនជាអ្នកញៀនគ្រឿងញៀន ហើយខ្លាចពួកញៀនថ្នាំរករឿងលួច ឆក់ ប្លន់ កាប់សម្លាប់ពេលចេញចូលទៅណាមកណាម្តងៗ ។
ម្យ៉ាងវិញទៀត ពេលឃើញនគរបាលចាប់បានអ្នកញៀនថ្នាំម្តងៗ ពួកគាត់សប្បាយរីករាយយ៉ាងខ្លាំង ។
ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវនគរបាលនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការឱ្យចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ