ខេត្តព្រៃវែង ៖ បុរសម្នាក់ដែលជាជនសង្ស័យត្រូវសមត្ថកិច្ចដេញស្ទាក់ចាប់បាន បន្ទាប់ពីជនសង្ស័យម្នាក់នេះធ្វើសកម្មភាពឆក់ខ្សែ.កពីស្ត្រីម្នាក់បានសម្រេចនៅស្រុកកំចាយមា ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិសង្កែ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើ ឈ្មោះម៉េត ដែន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងដង្ហឹត ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ រីឯជនរងគ្រោះដែលត្រូវជនសង្ស័យឆក់ខ្សែ.កឈ្មោះរុន ស្រីវ៉ាត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិឧបម៉ា ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ប្រភពបានបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូនៅលើដងផ្លូវ ដោយមានពាក់ខ្សែ.កមាសទម្ងន់៤ជីកន្លះ ស្រាប់តែជនសង្ស័យឈ្មោះ ម៉េត ដែន បានជិះម៉ូតូកែច្នៃមួយគ្រឿង មិនដឹងមកពីណា លុះជិះម៉ូតូមកដល់ទន្ទឹមនឹងជនរងគ្រោះ ក៏បានធ្វើសកម្មភាពឆក់ខ្សែ.កពីជនរងគ្រោះតែម្តង ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសហការជាមួយកម្លាំងប្រជាការពារភូមិបានដេញតាមប្រផាប់ចាប់ពភីង ទើបឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួមទាំងមធ្យោបាយម៉ូតូធ្វើសកម្មភាព និងវត្ថុតាងខ្សែ.កមាសមួយខ្សែជារបស់ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំយកទៅស្នាក់ការប៉ុស្តិ៍រដ្ឋបាលស៊ាងឃ្វាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ៕
ចែករំលែកព័តមាននេះ