សហរដ្ឋអាមេរិកនិងកូរ៉េខាងជើង ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំកាលពីថ្ងៃទី១មិថុនា បានទទួលឧត្ដមសេនីយ៍ KIM YONG CHOL ដៃស្ដាំលោកគីមជុងអ៊ុននៅសេតវិមាន ដែលជារឿងគួរឲ្យភ្ញាក់ផ្អើលហើយខុសប្លែកពីពិធីការផង ។
ក្រោយពិភាក្សាគ្នារយៈពេលដល់ជិត២ម៉ោង នៅសេតវិមានជាមួយលោក KIM YONG CHOL លោកត្រាំប្រកាសប្រាប់សារព័័ត៌មានថា លោកពិតជានឹងជួបដូចការគ្រោងទុក ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននាថ្ងៃទី១២មិថុនានៅសិង្ហបុរី ។ លោកបន្តថាក្រុងវ៉ាស៊ិនតោននិងក្រុងព្យុងយ៉ាង នឹងភ្ជាប់ទំនាក់ទំនងជាមួយគ្នា ហើយរឿងនេះនឹងចាប់ផ្ដើមនាថ្ងៃទី១២មិថុនា។ពេលជួបគ្នានោះលោក KIM YONG CHOL ជាអនុប្រធានបក្សពលករកូរ៉េ បានប្រគល់ជូនលោកត្រាំនូវសារលិខិតផ្ទាល់ខ្លួនមួយច្បាប់ របស់លោកគីមជុងអ៊ុនដល់ប្រធានាធិបតីអាមេរិកដែលយល់ថាសំខាន់ ។
មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ដំបូងស្ថិតនៅ២ថ្ងៃឯក្រុងញូវយ៉កជាកន្លែងលោកជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក MIKE POMPEO មុនពេលមកកាន់ក្រុងវ៉ាស៊ិនតោន។ តាមទម្លាប់នៃពិធីការ សម្រាប់មនុស្សម្នាក់មានឋានៈដូចលោក KIMYONG CHOL ហើជាពិសេសសម្រាប់មនុស្សដូចរូបលោក មកពីប្រទេសមួយរងទណ្ឌកម្មសេដ្ឋកិច្ច ហើយជាតំណាងប្រទេសជាសត្រូវគ្នាផង ត្រូវនាំចូលតាមទ្វារក្រោយស្ងាត់ៗ ចូលរួមកិច្ចប្រជុំសម្ងាត់ ។
លោក KIM YONG CHOL មកកាន់សេតវិមានដោយមានរថយន្ត CHEVROLETពណ៌ខ្មៅរបស់រដ្ឋាភិបាលអាមេរិកជូនមក។ឧត្ដមសេនីយ៍អាមេរិកមួយរូប ជាអគ្គលេខាធិការសេតវិមានលោក JOHN KELLY បានទទួលលោក មុនពេលនាំមកកាន់ការិយាល័យពងក្រពើ។នោះជាការផ្ដល់កត្តិយសដ៏កម្រសម្រាប់មនុស្សម្នាក់ ដែលពុំមែនជាប្រមុខរដ្ឋហើយជាពិសេសមកពីរដ្ឋផ្ដាច់ការមួយផង ។
មានរឿងមួយដែលគេចាប់អារម្មណ៍ នោះគឺសម្រាប់ការជួបគ្នាកំពូល នៅសិង្ហបុរីរវាងលោកគីមជុងអ៊ុននិងលោកត្រាំ តើនរណាជាអ្នកចេញប្រាក់ សម្រាប់គណៈប្រតិភូលោកគីមជុងអ៊ុនទៅ ? ព្រោះការចាយវាយនៅទីនោះពិតជាច្រើនពិសេសសម្រាប់ការស្នាក់នៅដឺលុច។តាមមើលទៅ សិង្ហបុរីប្រទេសជាម្ចាស់ផ្ទះនឹងជាអ្នកជួយចេញហើយ ។
ចំណែកបារទំនើបមួយរបស់សិង្ហបុរី SINGAPOR SLING ស្នើជួយផ្ដល់ភេសជ្ជៈពិសេស២មុខមានទង់ជាតិកូរ៉េខាងជើងនិងអាមេរិក សម្រាប់ការជួបគ្នាកំពូលនេះ ៕
ចែករំលែកព័តមាននេះ