រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ឧសភា ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសគ្រូហោរាអគ្គិនេត្រ ដាក់ពន្ធនាគារកំណត់៣ឆ្នាំ និង ពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន៤លានរៀល ពីបទ ជួញដូរគ្រឿងញៀនដោយខុសច្បាប់ តាមមាត្រា៤០ នៃច្បាប់ស្តីពីប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សេចក្តីសម្រេចនេះបានបើកផ្លូវឲ្យជនត្រូវចោទ ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនជាជនជាប់ចោទកើតទុក្ខមិនសុខចិត្តលើការកាត់ក្តីនេះ។ គួររំលឹកថា នៅថ្ងៃទី១១ ឧសភា សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងយុវជនម្នាក់ ដែលតាំងខ្លួនជាគ្រូអគ្គិនេត្រល្បីល្បាញតាមសង្គមហ្វេសប៊ុក រឿងចេះមន្តអាគមន៍អូមអាម ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់។
ជនត្រូវចោទឈ្មោះ វ៉ាន់ សុខសីហា អាយុ២២ឆ្នាំ ហៅគ្រូអគ្គិនេត្រ ស្នាក់នៅផ្ទះលេខ៦៦២ ផ្លូវ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ នៅក្នុងសវនាការគ្រូអគ្គិនេត្រ បានសារភាពថា ខ្លួនគេពិតជាបានលក់គ្រឿងញៀនពិតប្រាកដមែន ដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិត។ ក្រោយសាកសួរដេញដោលចប់អង្គសវនាការ បានសម្រេចលើកពេលប្រកាសសាលក្រមរឿងក្ដីនេះទៅថ្ងៃទី៣០ ឧសភានេះ។ គួរំលឹកថា ជនត្រូវចោទឈ្មោះ វ៉ាន់ សុខសីហា ហៅគ្រូអគ្គិនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ច ការិយាល័យទី៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
បានធ្វើការឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនទម្ងន់២.៦៨ក្រាម។ ក្រោយពីឃាត់ខ្លួនជនត្រូវចោទខាងលើ សមត្ថកិច្ចបានបញ្ជូនខ្លួនជនត្រូវឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរាអគ្គីនេត្រ មកតុលាការនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ហើយនៅថ្ងៃទី ៣០កញ្ញា ចៅក្រមរស់ ពិសិដ្ឋ បានចេញដីកាសម្រេចឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោសនេះ៕
ចែករំលែកព័តមាននេះ