ទីក្រុងគូឡាឡាំពួ ៖ លោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី Mahathir Mohamad បាននិយាយថា លោកនឹងបោះបង់គម្រោងសាងសង់ផ្លូវរថភ្លើងតភ្ជាប់ជាមួយប្រទេសសិង្ហបុរី ខណៈអ្នកដឹកនាំរូបនេះចង់កាត់បន្ថយការចំណាយ ។
លោកបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃចន្ទថា ការបោះបង់គម្រោងនេះ នឹងត្រូវការពេលមួយចំនួន ដោយសារត្រូវចរចាជាមួយប្រទេសសិង្ហបុរី ។
ការសម្រេចចិត្តនេះ នឹងប៉ះពាល់ដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនផ្លូវរថភ្លើងនៅតំបន់អាស៊ីផងដែរ រួមមាន ក្រុមហ៊ុនចិន និងជប៉ុន ។
លោក Najib Razak អតីតនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី បានយល់ស្របជាមួយលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong សម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងតភ្ជាប់ប្រទេសទាំងពីរ ដើម្បីកាត់បន្ថយរយៈពេលធ្វើដំណើរតាមផ្លូវគោក គឺពី៥ម៉ោងមកត្រឹមតែ៩០នាទីប៉ុណ្ណោះ ។
តាមការគ្រោងទុក ផ្លូវរថភ្លើងចម្ងាយ៣៥០គីឡូម៉ែត្រ ដែលមានរថភ្លើងធ្វើដំណើរបាន៣០០គីឡូម៉ែត្រក្នុង១ម៉ោងនេះ នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៦ ។
លោក Mahathir បានប្រាប់អ្នកសារព័ត៌មានថា ៖« វានឹងធ្វើឲ្យប្រទេសម៉ាឡេស៊ីខាតបង់ប្រាក់ជាច្រើន ហើយពួកយើងនឹងមិនចំណេញអ្វីសោះឡើយពីដំណើរការគម្រោងផ្លូវរថភ្លើងនេះ » ។
លោកបន្តទៀតថា ការសាងសង់ផ្លូវរថភ្លើងនេះ នឹងធ្វើឲ្យប្រទេសម៉ាឡេស៊ីត្រូវចំណាយប្រាក់ប្រមាណដល់២៨ប៊ីលានដុល្លារឯណោះ ។
លោកនាយករដ្ឋមន្ត្រីរូបនេះបន្ថែមថា ប្រទេសម៉ាឡេស៊ីនឹងពិភាក្សាជាមួយរដ្ឋាភិបាលចិនឡើងវិញ អំពីការចរចាលើកិច្ចព្រមព្រៀងមិនស្មើភាពគ្នានេះ រួមមាន គម្រោងផ្លូវរថភ្លើងនៅឆ្នេរខាងកើត ដែលមានតម្លៃ១៤ប៊ីលានដុល្លារផងដែរ ៕
ចែករំលែកព័តមាននេះ