ខេត្តស្ទឹងត្រែង ៖ អ្នករស់នៅស្រុកសេសានបានផ្តល់ព័ត៌មានពីការបាត់ក្របីជាបន្តបន្ទាប់ លុះពេលរកឃើញគឺនៅសល់តែគ្រោងឆ្អឹង និងក្បាលនៅក្នុងព្រៃ ។ ដំណឹងនេះ បានលេចឮសុសសាយពីម្នាក់ទៅម្នាក់ ឱ្យមានការប្រុងប្រយ័ត្ន ។ អ្នកភូមិហាងសាវ៉ាត ដែលមានភូមិសាស្ត្រជាប់ព្រំប្រទល់ភូមិស្តៅ២ ក្នុងស្រុកសេសាន បានបាត់ក្របីជាបន្តបន្ទាប់ ហើយថ្មីៗនេះ មានក្របី២ក្បាលបានបាត់ កាលពីថ្ងៃទី៨ និងទី៩ ឧសភា លុះនៅពេលដើររកក៏ប្រទះឃើញខ្មោចក្របីដែលនៅសល់តែគ្រោងឆ្អឹងនិងក្បាល ។
ប្រភពព័ត៌មានឱ្យដឹងថា នៅយប់ថ្ងៃទី១២ ឧសភា នគរបាលស្រុកសេសាន សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួន៤នាក់ ក្នុងចំណោមបក្សពួក៥នាក់ ខណៈកំពុងបើកគោយន្តកន្ត្រៃ ហើយឆែកឆេរឃើញមានកាំភ្លើងកែច្នៃ និងកាំបិត ។ ក្រោយការឃាត់ខ្លួនជនទាំង៤នាក់នោះសាកសួរអំពីការធ្វើដំណើរនៅពេលយប់ និងប្រើប្រាស់កាំភ្លើងកែច្នៃ ដោយពុំមានការអនុញ្ញាត ក៏បែកធ្លាយពីការលួចសម្លាប់ក្របីនៅក្នុងព្រៃយកទៅពន្លះសាច់ ដែលក្របីទាំងនោះ អ្នកភូមិទើបតែបាត់កាលពីយប់ថ្ងៃទី៨ និងទី៩ ឧសភា កន្លងទៅនេះ ។
លោក ហោ វុទ្ធី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តឱ្យដឹងថា ជនសង្ស័យមានបក្សពួកទាំងអស់៥នាក់ ប៉ុន្តែត្រូវកម្លាំងនគរបាលសហការគ្នាចាប់បាន៤នាក់ ក្នុងបទល្មើសពីរផ្សេងគ្នាគឺ ទី១-ពាក់ព័ន្ធរក្សាទុកនិងប្រើប្រាស់កាំភ្លើងកែច្នៃដែលច្បាប់ហាមឃាត់ និងទី២-ពាក់ព័ន្ធនឹងការលួចក្របីអ្នកភូមិចំនួន២ក្បាលពន្លះសាច់យកទៅលក់ ។លោកនាយការិយាល័យបន្តថា ជនទាំង៤នាក់ដែលចាប់ខ្លួនបាននេះមាន ៖
១-ឈ្មោះ សុំ សុខៀត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន
២-ឈ្មោះ តូម៉ា តុលា ហៅឡៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្តៅ២ ឃុំស្តៅ២ ស្រុកសេសាន
៣-ឈ្មោះ ផល ដាំ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិហាងសាវ៉ាត ឃុំសាមឃួយ និង
៤-ឈ្មោះ តូម៉ា មូន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិហាងសាវ៉ាត ឃុំសាមឃួយ ។
ក្រោយពីចាប់ឃាត់ខ្លួនជន៤នាក់ ត្រូវបានបញ្ជូនទៅសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។ ចំណែកជនម្នាក់ទៀតដែលកំពុងរត់គេចខ្លួន ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺឈ្មោះ តូម៉ា ប៊ុនឃូន ភេទប្រុស អាយុ១៩ឆ្នាំ ។ មន្ត្រីនគរបាលប៉ុស្តិ៍ឃុំសាមឃួយបានឱ្យដឹងថា ក្រោយពីត្រូវចាប់ឃាត់ខ្លួនជនទាំង៤នាក់សារភាពថា ពួកគេពិតជាបានលួចក្របីអ្នកភូមិយកទៅពន្លះសាច់លក់មែន ។
តាមការសារភាពខ្លះៗរបស់ក្រុមជនសង្ស័យបានឱ្យដឹងថា សាច់ក្របីដែលពួកគេយកទៅលក់នោះ គឺបន្លំធ្វើជាសាច់ប្រើស ដែលជាសាច់សត្វព្រៃមានតម្លៃទ្វេដង ។ តាមការនិយាយនេះ បង្ហាញថា សាច់ប្រើសដែលមានការដាក់លក់លួចលាក់និងចំហបច្ចុប្បន្ននោះ គឺជាសាច់ភ្លៅក្របីទេ មិនមែនជាសាច់ប្រើសឡើយ ៕
ចែករំលែកព័តមាននេះ