ខេត្តកំពង់ធំ ៖ ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសលស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ទិត សំណាង ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសល្បែងស៊ីសង អាប៉ោង និងជល់មាន់នៅចំណុចដីផ្ទះ១កន្លែង ស្ថិតក្នុងភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
បើយោងតាមព័ត៍មានដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងជល់មាន់ និងលេងអាប៉ោងខាងលើនេះ បានបើកលេងយ៉ាងគគ្រឹកគគ្រេងអស់រយៈកាលជាយូរមកហើយ សមត្ថកិច្ចនៅក្នុងឃុំ និងស្រុកគ្មានអ្នកណាហ៊ានទៅបង្ក្រាបទេ ដោយសារតែទីតាំងប្រព្រឹត្តបទល្មើសខាលើនេះ ត្រូវបានគេស្គាល់ថាជារបស់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តមួយរូប ទើបកន្លងមកអ្នកតូចតាចគ្មានអ្នកណាហ៊ានក្អកឬក៏ទៅអុកឡុកនោះឡើយ រហូតដល់ថ្ងៃខាងលើត្រូវបានលោកព្រះរាជអាជ្ញាបញ្ជាឲ្យកម្លាំងចុះបង្ក្រាបបានតែម្តង នៅក្នុងការចុះបង្ក្រាបទីតាំងខាងលើនេះផងដែរ បើយោងតាមរបាយការណ៍បឋមជាលទ្ធផល សមត្ថកិច្ចយើងឃាត់ខ្លួនមនុស្ស៥នាក់ (ស្រីម្នាក់) ព្រមទាំងរឹបអូសបាននូវវត្ថុតាងរួមមាន ម៉ូតូចំនួន៥៥គ្រឿង រថយន្ត៣គ្រឿង មាន់ជល់១០ក្បាល (ងាប់អស់៣ក្បាល) អង្រុតដែកសម្រាប់ក្រុងមាន់ចំនួន១៥ ជញ្ជីងថ្លឹងមាន់ ១ ចានទម្រអាប៉ោង១ និងហាន់តោអាប៉ោង១ យកមកកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ