ខេត្តសៀមរាប ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច ហើយត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ដេញប្រម៉ាញ់ តាមរហូតក្របួចជាប់ រួចប្រគល់ឱ្យនគរបាលជំនាញ បន្ទាប់ពីសាកសួររួច ក៏ស្រាវជ្រាវបន្តឈានទៅចាប់បានបក្ខពួកចំនួន៣នាក់បន្ថែមទៀត ក្នុងនោះមានទាំងថ្នាំញៀនមួយចំនួនផងដែរ ។
ហេតុការណ៍ចាប់បានជនឆក់កាបូបនោះធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៨ ចំណុចផ្លូវវត្តបូព៌ លើលូ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។
នារីម្ចាស់កាបូបឈ្មោះ យឿន ស្រីណុច ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុកកណ្តាលព្រហ្មទ័ណ្ឌនគរបាលខេត្តសៀមរាបបានឱ្យដឹងថា មុនពេលកើតហេតុ នារីម្ចាស់កាបូបជិះម៉ូតូដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមកជិត ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយពណ៌ទឹកប្រាក់របស់គាត់ រួចជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ភ្លាមៗនោះក៏ត្រូវបានប៉ូលិសអន្តរាគមន៍ប្រដេញចាប់បានជនសង្ស័យទាំង២នាក់នេះ រួចបន្តទៅធ្វើការឃាត់ខ្លួនបានបក្ខពួក៣នាក់ ទៀតយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់។
លោកបានបញ្ជាក់ថា ក្នុងកាបូបនោះដែលត្រូវចោរឆក់នោះមានប្រាក់១៥០ដុល្លារ ទូរស័ព្ទ២គ្រឿង ម៉ាកអាយហ្វូន ផ្លាសអេស ពណ៌ទឹកប្រាក់១គ្រឿង ទូរស័ព្ទម៉ាកហូវ៉ៃណូវ៉ា អ៊ី ពណ៌ខ្មៅ១គ្រឿង អត្តសញ្ញាណបណ្ណ័មួយ កាតគ្រីម៉ូតូ១ ។
លោកបានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ ខាំ ចន្ទ័ពន្លឺ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ប៊ុន ម៉េងហាក់ ភេទប្រុស អាយុ១៨ឆ្នាំ។ ក្រោយពីការសាកសួរ ជនសង្ស័យឈ្មោះ ខាំចន្ទ័ ពន្លឺពេជ្រ បានសារភាពថា ខ្លួន និងឈ្មោះ មករ៉ា ហៅមាឃ ភេទប្រុស អាយុ១៨ឆ្នាំ (គេចខ្លួន) ពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់នារីខាងលើពិតប្រាកដមែន ។ រហូតដល់ថ្ងៃទី៥ ឧសភា ២០១៨ លោកបានធ្វើការស្រាវជ្រាវនាំខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀតដែលពាក់ព័ន្ធករណីចែកចាយថ្នាំញៀន ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ (មួយតូច និងមួយធំ) ព្រមទាំងដកហូតបានម៉ូតូ២គ្រឿង (ករណីឆក់១គ្រឿង) ។ ចំណែកជនសង្ស័យទាំង៣នាក់ ក្នុងនោះមាន ១- ឈ្មោះ ដួង វណ្ណេត ភេទប្រុស អាយុ១៨ឆ្នាំ ២- ឈ្មោះ ងួន ឆាយហុង ភេទប្រុស អាយុ១៨ឆ្នាំ និង៣ ឈ្មោះ គឹន ឈាន ភេទប្រុស អាយុ១៨ឆ្នាំ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធី ។ ចំណែកសម្ភារៈរបស់នារីម្ចាស់កាបូបដែលត្រូវចោរឆក់ ត្រូវបានសមត្ថកិច្ចដកហូតមកវិញ និងប្រគល់ទៅឱ្យម្ចាស់ដើម ៕
ចែករំលែកព័តមាននេះ