ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះថា ក្រោយពីការស្រាវជ្រាវចំពោះករណីក្មេង៣នាក់ដែលពុលភេសជ្ជៈនៅក្រុងព្រះសីហនុ កម្លាំងនគរបាលបានរកឃើញថា ក្មេងប្រុស៣នាក់ដែលបានស្រែកឡូឡាវង្វេងស្មារតី បន្ទាប់ពីត្រូវបានបុរសម្នាក់ឲ្យទឹកក្រូចផឹក ហើយបានទៅសំរាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គឺពួកគេ បានផឹកទឹកមានលាយសារធាតុ «BAMA» ដែលជាប្រភេទថ្នាំសប្បាយ។ នេះបើយោងតាមព័ត៌មានពីហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា៖ «នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ ចំពោះករណីក្មេង៣នាក់ ដែលពុលភេសជ្ជៈនៅក្រុងព្រះសីហនុ កម្លាំងនគរបាលរបស់ខ្ញុំបាទ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងឈានដល់ការចុះឆែកឆេរក្លិប «Men-បុរស» បន្ទាប់ពីឃាត់ខ្លួនបានបុគ្គលិករបស់ក្លិបម្នាក់ដែលបានយកដបថ្នាំម្យ៉ាងមកលាយទឹកឲ្យក្មេងៗទាំងនោះផឹក។ នៅម៉ោងប្រមាណ១១យប់ម៉ិញនេះ បន្ទាប់ពីមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងនគរបាលបានធ្វើប្រតិបត្តិការឆ្មក់ចូលក្លឹប Men ហើយក្នុងប្រតិបត្តិការនោះ ដោយបានធ្វើតេស្តទឹកនោមបុគ្គលិកទាំងអស់ ប៉ុន្តែពួកគេមិនមានជាប់ពាក់ព័ន្ធសារធាតុញៀននោះទេ»។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្ថែមទៀតថា៖ «ដោយឡែកសម្រាប់ការធ្វើតេស្តទឹកនោម ចំពោះយុវជនដែលយកថ្នាំលាយឲ្យក្មេងផឹក និងក្មេង៣នាក់ ដែលបានផឹកទឹកថ្នាំនោះ គឺរកឃើញថា ពួកគេបានផឹកទឹកមានលាយសារធាតុ «BAMA» ដែលជាប្រភេទថ្នាំសប្បាយ»។ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានក្មេងប្រុសចំនួន៣នាក់ បានស្រែកឡូឡាវង្វេងស្មារតី បន្ទាប់ពីត្រូវបានបុរសម្នាក់ឲ្យទឹកក្រូចផឹក ហើយកំពុងសំរាកនៅមន្ទីរពេទ្យបង្អែកខេត្ត។
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការសាកសួរជនសង្ស័យ (អ្នកដែលឲ្យទឹកក្រូចក្មេងផឹក) ឈ្មោះ វ៉ាន់ វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នក្រុម២១ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មុខរបរធ្វើការនៅក្លិបមួយក្នុងក្រុង-ខេត្តព្រះសីហនុ បានសារភាពថា «នៅយប់ថ្ងៃទី២៦ ឈាងចូលថ្ងៃទី២៧ ខែមេសា វេលាម៉ោងប្រហែលជា១២ជាងរំលងអធ្រាត្រ រូបគេបានយកសំរាមទៅបោះចោលនៅក្រៅក្លិប នៅពេលគេត្រឡប់មកពីបោះសំរាមចោល ក៏ប្រទះឃើញដបពណ៌មាសមួយដប ដំបូងគេស្មានតែគ្រាប់កាំភ្លើង ពេលនោះរូបគេក៏បានរើសយកមកទើបដឹងថា មិនមែនជាគ្រាប់កាំភ្លើងទេ រូបគេក៏បានក្រឡុកមើល និងចាក់មើលឃើញមានទឹកពណ៌ស្វាយ ហើយដបវាពណ៌មាស ហើយរូបគេក៏មានការសង្ស័យថា ជាថ្នាំគ្រវី ភ្លាមនោះក៏ចាក់ចូលក្នុងដបទឹកសុទ្ធ សំរាប់ទុកសាកខ្លួនឯង លុះដល់ម៉ោង០៥៖០០នាទីទៀបភ្លឺ រូបគេក៏ជិះម៉ូតូមកផ្ទះ និងយកដបទឹកនោះមកជាមួយ ពេលមកដល់ផ្ទះរូបគេដេកបានប្រហែលជា៤ម៉ោង ក៏ក្រោកឡើងទៅរកអីញាំ ទិញបារីជក់ និងទិញទឹកភេសជ្ជៈមួយកំប៉ុង ពេលនោះរូបគេក៏លាយទឹកពណ៌ស្វាយ ដែលគេរើសបាននោះចូលទៅក្នុងទឹកភេសជ្ជៈ រួចផឹកបានបន្តិចក៏មានក្មេងៗប្រហែលជា៣នាក់ ដើរមកជិតរូបគេ នឹងបានសុំទឹកក្រូចនោះផឹក ហើយរូបគេក៏បានឲ្យពួកក្មេងៗនោះផឹក»។
ហើយ(បើតាមការស្រាវជ្រាវ ជនសង្ស័យនេះមិនបានទៅធ្វើការនៅក្លិបយប់ថ្ងៃនោះទេ ) រហូតមកដល់ពេលនេះ ក្មេងប្រុសរងគ្រោះទាំង៣នាក់ បានធូរស្បើយវិញហើយ ត្រូវបានឪពុកម្តាយយកទៅលំនៅឋានរៀងៗខ្លួនវិញ។ ក្មេងទាំង៣នោះមាន ១-ឈ្មោះ ឆន ឆវិន ភេទប្រុស អាយុ១០ឆ្នាំ, ទី២-ឈ្មោះ សូ រតនា ភេទប្រុស អាយុ៨ឆ្នាំ និង៣-ឈ្មោះ សូ រិទ្ធី ភេទប្រុស អាយុ៧ឆ្នាំ៕
ចែករំលែកព័តមាននេះ