ខេត្តបន្ទាយមានជ័យ ៖ ជម្លោះចាក់ធុងបាសម្ខាងឮខ្លាំង និងម្ខាងឮតិច ក៏ឌឺដងដាក់គ្នារហូតឈានដល់អំពើហិង្សាកាលពីព្រលប់ថ្ងៃទី១៣ មេសានេះ នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាប់ឲ្យរបួសដាច់ស្លឹកត្រចៀក និងដៃ ។ ដំបូងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតគេចខ្លួន ទីបំផុតខ្លាចបញ្ហាកាន់តែធំឱពុកដឹកជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចម្នាក់ទៀត កាលពីថ្ងៃទី១៥ ខែមេសានេះ ។
ជនសង្ស័យទាំង២ ដែលម្នាក់ឈ្មោះជិន សាមឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ និងម្នាក់ទៀតឈ្មោះជិន សាមិត្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកម្មករសំណង់ និងជាបងប្អូនបង្កើតនឹងគ្នារស់នៅក្នុងភូមិកើតហេតុ ។
ជនសង្ស័យទាំង២បានកាប់ជនរងគ្រោះ២នាក់ឲ្យរបួស ដោយម្នាក់ឈ្មោះឃុន ឈឿត ភេទប្រុស អាយុ៤៣ឆ្នាំ ដាច់ស្លឹកត្រចៀកឆ្វេង (ឱពុកក្មេក) និងម្នាក់ទៀតឈ្មោះយ៉ាង សុភាពភេទប្រុស អាយុ២៦ឆ្នាំ របួសស្មា (ជាកូនប្រសារ) រស់នៅក្នុងភូមិកើតហេតុ ។
តាមសមត្ថកិច្ចនិយាយថា ដំបូងគ្រួសាររងគ្រោះ និងគ្រួសារជនដៃដល់នាំគ្នាចាក់ធុងបាសរាំលេងចូលរួមពិធីបុណ្យចូលឆ្នាំថ្មី លុះភាគីទាំង២ផឹកស៊ីចាក់បាសរាំយូរទៅ ហាក់កុងកាច់គ្នា ក៏ក្លាយជាជម្លោះ ខណៈខាងជនសង្ស័យខឹងខាងភាគីរងគ្រោះចាក់បាសឮខ្លាំងជាង ស្រាប់តែជនសង្ស័យ២នាក់បងប្អូនខាងលើ ស្ទុះផ្លោះរបងទៅវាយ និងកាប់ជនរងគ្រោះដល់ផ្ទះតែម្តង ។
សមត្ថកិច្ចបន្តថា យោងការសួរនាំជនរងគ្រោះជាឱពុកក្មេកអះអាងថា ខណៈឃើញគេវាយ និងកាប់កូនប្រសារគាត់រត់ទៅជួយដោយយកបំពង់ទីបទៅរងដឹងអីមុខកាំបិតផ្លាត និងដែកទីបក៏ត្រូវគាត់ដាច់ស្លឹកត្រចៀកតែម្តង ។ សមត្ថកិច្ចបន្តថា ហេតុការណ៍ដំបូងឃាត់ខ្លួនបានជនសង្ស័យជាបង ជនដៃដល់ជាប្អូនគេចខ្លួនបាត់ ក្រោយមកដោយមានការប្រើចិត្តសាស្ត្រលួងលោមបុរសជាឪពុកបានដឹកជនសង្ស័យជាប្អូនទៅប្រគល់ឲ្យនគរបាលក្រុងប៉ោយប៉ែត ខណៈជនដៃដល់វិលចូលផ្ទះ ។
នគរបាលព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា យោងចម្លើយជនសង្ស័យទាំង២សារភាពថា បានវាយ និងកាប់លើជនរងគ្រោះពិតប្រាកដមែនហើយបានកសាងសំណុំរឿងបញ្ជូនជាមួយវត្ថុតាងកាំបិត ខ្វែវ ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ