រាជធានីភ្នំពេញ ៖ អភិបាលខេត្តកណ្តាលកាលពីពេលថ្មីៗនេះ បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានស្ថិតក្នុងដែនដីខេត្តកណ្តាល ដើម្បីទប់ស្កាត់ការពុះដីឡូត៍លក់បែបអនាធិបតេយ្យ និងសាងសង់ពុំមានច្បាប់ត្រឹមត្រូវ ។
យោងតាមលិខិតរបស់អភិបាលខេត្តកណ្តាល ជម្រាបជូនអភិបាលក្រុង ស្រុក ចៅសង្កាត់ក្នុងខេត្តកណ្តាល ចុះលេខ៧៦០ ស.ជ.ណ បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តកណ្តាលបាននិងកំពុងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងលើផ្នែកសេដ្ឋកិច្ច ពិសេសវិស័យដីធ្លី និងសំណង់។ ជាមួយគ្នានេះ ដំណើរការលូតលាស់យ៉ាងប្រសើរនេះ ខេត្តក៏បាននិងកំពុងប្រឈមបញ្ហាយ៉ាងធ្ងន់ធ្ងរជុំវិញការធ្វើអាជីវកម្មដីធ្លី ដោយពុះដីឡូត៍លក់ ឬសាងសង់ជាច្រើនកន្លែង ដែលមិនមានច្បាប់ត្រឹមត្រូវ ដូចជា ៖
ទី១-ពុះដីឡូត៍លក់ដោយមិនកាត់ឈ្មោះ និងមិនធ្វើប្លង់បំបែកក្បាលដី ជូនអ្នកទិញឲ្យបានស្របច្បាប់។
ទី២-ការពុះដីឡូត៍លក់ដោយមិនមានប្លង់កម្មសិទ្ធិខ្លួនឯងត្រឹមត្រូវ និងលក់ដីឡូត៍ដែលមិនស្របច្បាប់ទៅឲ្យអ្នកទិញ ។
ទី៣-ការពុះដីឡូត៍លក់ និងសាងសង់ដោយពុំមានច្បាប់អនុញ្ញាតពីអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធត្រឹមត្រូវ
និងទី៤-ការពុះដីឡូត៍លក់ ឬសាងសង់ដោយអនាធិបតេយ្យ ដែលមិនគោរពតាមប្លង់គោល ផែនការប្រើប្រាស់ដី និងបទប្បញ្ញត្តិនគរូបនីយកម្មឲ្យបានត្រឹមត្រូវ ជាដើម ។
លិខិតដដែលបានបញ្ជាក់ថា ៖« ដើម្បីពង្រឹងគុណភាពនៃការប្រើប្រាស់ដី និងការគ្រប់គ្រងដីធ្លី និងសំណង់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ សូមអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការទប់ស្កាត់ឲ្យបានល្អ និងរាយការណ៍បទល្មើសជាក់ស្តែងឲ្យបានទាន់ពេលវេលា » ។
លិខិតដដែលបានណែនាំនូវ៣ចំណុចសំខាន់ៗដូចជា ៖
ទី១-ត្រូវសុំច្បាប់អនុញ្ញាតជាមុនសិន មុននឹងសាងសង់ ឬពុះដីឡូត៍របស់ខ្លួនដើម្បីលក់ឬដោះដូរ ។
ទី២-ដាច់ខាតបិទការដាក់តាំងបង្ហាញឲ្យបានច្បាស់លាស់ទៅនឹងទីតាំងដី ឬទីតាំងផ្ទះជាក់ស្តែង និងនៅការិយាល័យលក់ដី ឬការដ្ឋាននោះតែម្តង នូវឯកសារស្របច្បាប់ ដែលបានអនុញ្ញាតឲ្យពុះដីឡូត៍លក់ ឬសាងសង់
និងទី៣-ត្រូវប្រគល់ជូនអតិថិជននូវឯកសារបញ្ជាក់ចម្លងពីច្បាប់ដើម នៃលិខិតអនុញ្ញាតស្របច្បាប់ពីអង្គភាពទទួលខុសត្រូវឲ្យពុះដីឡូត៍លក់ ឬឲ្យសាងសង់លើដី ឬដីផ្ទះនោះ ដូចជា អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតច្បាប់ និងប័ណ្ណកម្មសិទ្ធិដីធ្លី ព្រមទាំងលិខិតស្នាម ឬឯកសារពាក់ព័ន្ធចាំបាច់ផ្សេងៗ ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ការពុះដីឡូត៍លក់បានក្លាយជាបញ្ហាប្រឈមយូរមកហើយ ដោយសារអ្នកអភិវឌ្ឍន៍មួយចំនួនបានយកដីគេទៅលក់ បន្ទាប់ពីកក់ប្រាក់ទៅម្ចាស់ដី ដែលនេះជាបញ្ហាប្រឈមមួយសម្រាប់អ្នកទិញដីឡូត៍ ប៉ុន្តែទោះជាយ៉ាងណា ការពុះដីឡូត៍លក់ក៏មានគុណសម្បត្តិផងដែរ ប្រសិនជាអ្នកពុះដីឡូត៍លក់ធ្វើតាមនីតិវិធីច្បាប់ ព្រោះដីឡូត៍បានជួយដល់អ្នកមានជីវភាពថ្នាក់ទាបអាចសន្សំលុយទិញបាន និងអាចសាងសង់ផ្ទះរស់នៅនាពេលអនាគត ។
លោកបន្តថា ៖« ហេតុនេះ អ្នកទិញដីឡូត៍គួរប្រយ័ត្នទាក់ទងនឹងប្លង់ ដើម្បីធ្វើឲ្យប្រាកដថា ដីឡូត៍ដែលខ្លួនបានទិញជាដីស្របច្បាប់ និងគ្មានហានិភ័យ » ៕
ចែករំលែកព័តមាននេះ