រាជធានីភ្នំពេញ ៖ លោកអេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា សំណុំរឿងក្តីលោកកឹម សុខា មេបក្សប្រឆាំងដែលសាលាឧទ្ធរណ៍សម្រេចបន្តឃុំខ្លួន មេបក្សរបស់ខ្លួន គឺជារឿងនយោបាយ ដែលតុលាការមិនអាចចាត់បាននោះទេ ។ ការលើកឡើងរបស់លោក អេង ឆៃអ៊ាងដែលកំពុងរស់នៅក្រៅប្រទេស និងត្រូវបានហ៊ាមឃាត់សិទ្ធធ្វើនយោបាយ ក្នុងចំណោមថ្នាក់ដឹកនាំ ១១៨ រូប នៃអតីតគណបក្សប្រឆាំងរយៈពេល ៥ឆ្នាំ បន្ទាប់ពីសាលាឧទ្ធរណ៍ដំណើរការរឿងក្តីលោកកឹម សុ ខា ពាក់ព័ន្ធ នឹងបណ្តឹងសាកទុក្ខនៅថ្ងៃទី២៧ មីនា ឆ្នាំ២០១៨នេះ ហើយក្រោយមកសាលាឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនលោក កឹម សុខា ៦ ខែទៀត ។
លោកអេង ឆៃអ៊ាង បានសរសេលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី ២៧ មីនា ឆ្នាំ២០១៨ បញ្ជាក់យ៉ាងដូច្នេះថា ៖ «រឿងក្តីលោកប្រធាន កឹម សុខា ជារឿងនយោបាយ ។ ដូច្នេះរឿងក្តីនេះមិនអាចដោះស្រាយ ចេញតាមរយៈតុលាការទេ »។ លោកបន្តថា សវនាការព្រឹកថ្ងៃទី ២៧ ខែមីនានេះ គ្រាន់តែជាការអនុវត្តនីតិវិធីគម្រប់កិច្ចរបស់សាលាឧទ្ធរណ៍តែប៉ុណ្ណោះ ។ ការមកចូលរួមរបស់បងប្អូនជនរួមជាតិឃ្លាំមើលដំណើរការក្តីនៅសាលាឧទ្ទរណ៍ គឺជាការផ្តល់កម្លាំងចិត្តដល់លោកប្រធាន កឹម សុខា ក្នុងការតស៊ូដើម្បីសេរីភាព និងយុត្តិធម៌ សំរាប់សង្គមកម្ពុជាទាំងមូល ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយបង្ហាញថាលោកបានសារភាព អំពីការអនុវត្តតាម ការបង្គាប់បញ្ជារបស់បរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាជាយូរណាស់មកហើយ ។ លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស« តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ។ តាមការកត់សម្គាល់គេសង្កេតឃើញថា ក្រោយការចាប់ខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារឃើញថា កញ្ញា កឹម មនោវិទ្យា កូនស្រីច្បង និងក្រុមមន្ត្រីជំនិតរបស់លោក កឹម សុខា បានមានសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការស្វែងរកកិច្ចអន្តរាគមន៍ ពីប្រទេសដែលជាម្ចាស់ជំនួយ ដើម្បីឲ្យដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងឲ្យដោះលែង លោក កឹម សុខា ខណៈក្រុ មលោកស ម រង្ស៊ី ដែលដឹកនាំដោយលោក សម រង្ស៊ីផ្ទាល់ ក៏បានបង្កើតចលនាសង្គ្រោះជាតិ ដើម្បីទាមទារឲ្យដោះលែង លោក កឹម សុខា ផងដែរ ។
នៅព្រឹកថ្ងៃទី ២៧ ខែមីនានេះ ខណៈសាលាឧទ្ទរណ៍កំពុងដំណើរការក្តីលោក កឹម សុខានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានមានប្រសាសន៍ថា សម្តេចមិនជឿថា សាលាឧទ្ទរណ៍នឹងមិនដោះលែងមេក្បត់ជាតិឲ្យនៅក្រៅឃុំនោះទេ ៕
ចែករំលែកព័តមាននេះ