ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកស្វាយចេកសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយចាប់ខ្លួនជាបន្តបន្ទាប់សំបុកធំ មានគ្នាចំនួន១០នាក់ក្នុងនោះស្រីម្នាក់ ។
លោកវរសេនីយ៍ទោ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក មាន ច័ន្ទពិសិដ្ឋ កម្លាំងនគរបាលស្រុកស្វាយចេក បានចុះសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ នៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០១៨ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២កន្លែងមួយកន្លែងនៅភូមិម៉ៅ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់មានទី១-ឈ្មោះ កូ ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ ដកហូតបានថ្នាំញៀនប្រភេទម្សៅដាក់ក្នុងទុយោបឺត ពណ៌ក្រហម ដាវសាម៉ូរ៉ៃ១, ទី២-ឈ្មោះ ឡូ វាសនា ភេទប្រុស កាំបិតសាម៉ូរ៉ៃ១ និងទី៣-ឈ្មោះ ធី ធួក ភេទប្រុស អ្នកប្រើប្រាស់ ។
លោកអធិការស្រុកស្វាយចេកបានបញ្ជាក់ថា ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងជំនាញបានធ្វើការសាកសួរ និងឈានដល់ការចាប់ឃាត់ខ្លួនឈ្មោះ ព្រំ ឃឿន ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ដោយសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ដោយដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហមមានអក្សរ WY លើគ្រាប់ថ្នាំម្ខាងចំនួន២៥គ្រាប់ និងម្សៅក្រាមពណ៌សចំនួន២កូនថង់ ។ ក្រោយពីធ្វើការចាប់ឃាត់ខ្លួនឈ្មោះ ព្រំ ឃឿន រួចមកធ្វើការសាកសួរហើយទើបកម្លាំងសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ចាន់ថា ភេទប្រុស នៅភូមិជាមួយគ្នាដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម្សៅចំនួន៤ថង់, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃ១គ្រឿង, ថង់ប្លាសិ្ទកមួយចំនួន ។ បន្ទាប់សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ទៀត ។
ក្នុងចំណោមជនសង្ស័យទាំង១០នាក់នេះមុខសញ្ញាជួញដូរចំនួន៦នាក់ និងអ្នកប្រើប្រាស់ចំនួន៤នាក់ស្រីម្នាក់ និងសរុបវត្ថុតាងថ្នាំប្រភេទម្សៅក្រាមពណ៌ស៦ថង់តូច, ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួន៦៧គ្រាប់, ទូរស័ព្ទ៦គ្រឿង, កាំបិត២, ថង់សម្រាប់ច្រកពណ៌សមួយចំនួន, ថង់ពណ៌លឿង១, កូនធុងបាសលាក់ថ្នាំ១ផងដែរ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងថ្នាំញៀនកម្លាំងជំនាញកំពុងតែរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ