រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងបើកបរធ្វើដំណើរជាលក្ខណៈគ្រួសារមានប្តីប្រពន្ធ និងកូនទើបតែវិល
ត្រឡប់មកពីចូលរួមកម្មវិធី អ្នកបើកបរស្រវឹងស្រឿងៗព្រិលភ្នែករេចង្កូតឡើងខឿនទ្រូវផ្លូវ បណ្តាលឲ្យបុកបាក់បង្គោលស្លាកបង្ហាញចរាចរណ៍ និងបន្តទៅបុកបង្គោលភ្លើងដែកបំភ្លឺផ្លូវកោងវៀចមួយដើមទៀត ទើបរថយន្តទៅមុខលែងរួច ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តបង្កពណ៌ប្រផេះ ពាក់ស្លាកភ្នំពេញ2G-3171 ជិះជាលក្ខណៈគ្រួសារ តែមិនប្រាប់ឲ្យស្គាល់ពីអត្តសញ្ញាណឡើយ ។
តាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តបង្កធ្វើដំណើរជាលក្ខណៈគ្រួសារមានប្រពន្ធ និងកូនទើបវិលមកពីចូលរួមកម្មវិធីផឹកស៊ីស្រវឹងស្រឿង ហើយព្យាយាមបើកបររថយន្ត គោលបំណងឆ្ពោះទៅផ្ទះ ធ្វើដំណើរតាមផ្លូវ២០០៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុសង្ស័យព្រិលភ្នែក ទើបរេចង្កូតឡើងខឿនទ្រូវផ្លូវ ទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍បាក់រាបមួយដើម ហើយរថយន្តបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀត បណ្តាលឲ្យរងការខូចមុខផ្នែកខាងឆ្វេង និងបាក់យ៉ាន់ខ្ទេច ។
ក្រោយកើតហេតុរថយន្តបង្ករួមជាមួយអ្នកបើកបរត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោករង់ចាំកសាងសុំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ