ខេត្តបាត់ដំបង ៖ ពិធីអបអរសាទរ ការប្រគល់សៀវភៅគ្រួសារបក្សចំនួន៣៥០គ្រួសារ ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង និងប្រកាសកែសម្រួលសមាសភាពក្រុមការងារចុះជួយសង្កាត់រតនៈ ក្រុងបាត់ដំបង ដោយលោកឯក សំអូន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ប្រធានក្រុមការងារចុះជួយសង្កាត់រតនៈ ដោយបានធ្វើឡើងវេលារសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។ លោក គង់ សាមិត្ត ប្រធានក្រុមការងារចុះជួយភូមិរំចេក៤ បានអានសេចក្តីសម្រេច អំពីការប្រកាសតែងតាំងសមាជិកបន្ថែមទៀតដែលមានប្រធាន អនុប្រធាន សមាជិកគ្រប់ភូមិក្នុងសង្កាត់រតនៈ ដើម្បីពង្រឹងក្រុមការងារចុះជាប្រចាំនៅពេលប្រជាពលរដ្ឋជួបការលំបាក ទាំងផ្នែកជីវភាព និងសន្តិសុខឲ្យប្រជាជននៅក្នុងភូមិមានក្តីសុខមិនឲ្យមានជួបការភ័យខ្លាចអ្វីឡើយ។
បន្ទាប់មកលោក ឯក សំអូន ប្រធានក្រុមការងារសង្កាត់បានថ្លែងថា គោលបំណងការប្រកាសសមាជិក បន្ថែមទៀតនេះគឺ បន្ថែមពីលើការងារចាស់កាលពីឆ្នាំ២០១៧ ដោយឃើញមានប្រជាពលរដ្ឋខ្លះ នៅជួបការលំបាកខ្វះខាតនៅឡើយ ហើយកន្លងមកយើងបានចុះធ្វើជាសៀវភៅគ្រួសារបក្សប្រជាជន បានចំនួន៨ភូមិរួចមកហើយដែលបានផ្តល់ភាពងាយស្រួលការជួបគ្នា ការស្គាល់មុខក្រុមការងារ ជាមួយសមាជិកទាំងអស់ឲ្យបានច្បាស់ហើយងាយស្រួលក្នុងការទំនាក់ទំនងជួយគ្នាបន្ថែមទៀត ហើយក្នុងការចេញសៀវភៅគ្រួសារបក្សនេះគឺតាមគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានភាពងាយស្រួល អំពីតម្រូវការចាំបាច់បន្ថែមទៀតដែលបងប្អូនយើង ត្រូវការទទួលបានដោយពិតប្រាកដ។ លោកបានបន្តទៀតថា ចំពោះកិច្ចការនយោបាយពេលនេះ យើងគ្មានអ្វីដែលត្រូវមករារាំង ញុះញង់ អូសទាញអារម្មណ៍បងប្អូនឲ្យធ្លាក់ចុះក្នុងភាពវិនាសហិនហោច និងអន្តរាយដូចកាលអណត្តិមុនដែលមានការបោះឆ្នោតហើយចាញ់ឆ្នោតនាំបង្កើតបញ្ហាទាមទាររកការបោះឆ្នោត រាប់សន្លឹកឆ្នោតសារជាថ្មី បង្កជាបាតុកម្ម បំផុសបង្កើតជាបដិវត្តពណ៌ នាំឲ្យមានភាព ច្របូកច្របល់ក្នុងសង្គមដោយក្រុមមួយក្តាប់តូចបានអុកឡុកទៀតបានឡើយ។
នេះជាចំណាត់ការបានទាន់ពេលវេលាដែលរាជរដ្ឋាភិបាលយើងបានទប់ស្កាត់បានទាន់ពេលវេលា ហើយដោយមានការជួយជម្រុញពីលោក ច័ន្ទ សុផល ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបងផងនោះ យើងបានទទួលផ្លូវថ្នល់ក្រាលបេតុង និងចាក់កៅស៊ូបានជាច្រើនខ្សែ ដាក់ប្រព័ន្ធលូបង្ហូរទឹក មិនឲ្យមានការលិចតាមភូមិក្នុងសង្កាត់រតនៈបន្ថែមទៀត។ លោកបានបន្តទៀតថា ត្រូវនាំគ្នាពង្រឹងសមាជិកចាស់ ហើយពង្រីកសមាជិកថ្មីបន្ថែមទៀតនេះ ដោយមានទាំងយុវជនជាច្រើនបានមកចូលរួមជាមួយ ដោយមានឆន្ទៈ ស្មារតី ហើយសូមរួមគ្នាចុះជួយជាប្រចាំដល់ប្រជាពលរដ្ឋគ្រប់ក្នុងភូមិមិនឲ្យពលរដ្ឋជួបការលំបាកទៀតឡើយ ហើយសូមត្រៀមទាំងអស់គ្នាចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលនៅពេលដ៏ខ្លីខាងមុខនេះ។ កម្ពុជាយើងនឹងដំណើរការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕
ចែករំលែកព័តមាននេះ