ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី ស្រុកភ្នំស្រុក ចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកពីបទផឹកស្រាស្រវឹងប្រអំពើហិង្សាទៅលើអ្នកជិតខាងកាប់ឲ្យរងរបួសដេរ៥ថ្នេរ ។
លោកវរសេនីយ៍ទោ យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាកើតឡើង នៅចំណុចផ្ទះឈ្មោះ ហ៊ូវ សោត ភេទស្រី អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយឈ្មោះ ឡាន សាលឿម ហៅឃើល ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ។
ជននេះបន្ទាប់ពីផឹកស្រាស្រវឹងបានយកកាំបិតខ្វែវទៅបង្ករឿងជាមួយជនរងគ្រោះ និងកាប់លើជនរងគ្រោះឈ្មោះ ស.ស.ញ ភេទស្រី អាយុ១៦ឆ្នាំ បណ្ដាលឱ្យរបួសមួយកន្លែងត្រូវចំចិញ្ចើមខាងស្តាំដេរចំនួន៥ថ្នេរ ជនរងគ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ។
លោកអធិការបានបញ្ជាក់ថា ក្រោយពីកើតហេតុជនបង្កត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដីចាប់នាំខ្លួនបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក និងបន្តរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ